ខេត្តរតនគិរី ៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហា សុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះបាននិមន្តជាព្រះអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តរតនគិរី ដែលបានប្រារព្ធនៅវត្ត ឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ ក្រុងបានលុង ខេត្តរតនគិរី។
ពិធីនេះក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះចរិយាវង្សា ពៅ សំអូន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាជំនួយការគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះព្រហ្ម គឹម សុជាតិ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះរតនសោភិតព្រះមេគណគណៈមហានិកាយខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រះមន្ត្រីសង្ឃសាលាគណ សាលាអនុគណក្រុង ស្រុក សមណសិស្ស និងលោក លោកស្រីអាជ្ញាធរ ប្រធានមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត ជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងពី វិស័យព្រះពុទ្ធសាសនាក្នុងខេត្តរតនគិរី ពេលបច្ចុប្បន្ននេះ គឺដោយមានការចូលរួមពី ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន បានធ្វើឱ្យព្រះពុទ្ធសាសនាមានការរីកចម្រើន ជាបន្តបន្ទាប់។ ឯកឧត្តមបន្តថា ជាក់ស្តែងពិធីបើកបវេសនកាលពុទ្ធិកសិក្សាក្នុងឆ្នាំនេះ បានបង្ហាញ យ៉ាងច្បាស់ពីការខិតខំអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និងការបណ្តុះបណ្តាលធនធាន បព្វជិត ក្នុងជួរព្រះសង្ឃ នៅខេត្តរតនគិរី និយាយដោយឡែក និងទូទាំងព្រះរាជាណាចក្រកម្ពុជា និយាយជារួមដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា បានយល់ជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត អំពី ការប្រតិបត្តិតាមបរមពុទ្ធោវាទ ដែលផ្តោតលើការមិនធ្វើនូវ អំពើអាក្រក់គ្រប់យ៉ាង ការប្រព្រឹត្ត នូវអំពើល្អ និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ ជាគុណតម្លៃសំខាន់ចាំបាច់ សម្រាប់ជួយឱ្យសង្គម មានសុខដុមរមនា។ ឯកឧត្តមបញ្ជាក់បន្ថែមថា
ការពង្រឹង រចនាសម្ព័ន្ធគ្រប់គ្រងអភិបាល កិច្ចសង្ឃ ការគោរពប្រណិបត្តិធម៌វិន័យ និងពង្រឹងការសិក្សាពុទ្ធិកសិក្សាគ្រប់កំរឹត សំដៅ បង្កើនប្រសិទ្ធភាពនៃការ ដឹកនាំការគ្រប់គ្រងសហគមន៍សង្ឃ ការពង្រឹងសាមគ្គីធម៌ ការអភិវឌ្ឍធនធានមនស្ស ការអប់រំសីលធម៌ ចរិយាធម៌ ដើម្បីគុណតម្លៃព្រះពុទ្ធសាសនា ដែល ជាសាសនារបស់រដ្ឋ។ តាមរយៈពុទ្ធិកសិក្សាប្រទេសជាតិយើង ទទួលបាននូវអ្នកមានចំណេះដឹងជាច្រើន ដែលជាសសរទ្រូងដ៏រឹងមាំ រួមចំណែកថែរក្សា ការពារវប្បធម៌ ប្រពៃណីជាតិ តាមគន្លងព្រះពុទ្ធសាសនាដែលជាអត្តសញ្ញាណ ជាតិកម្ពុជា យើងស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនេះផងដែរ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ក្រើនរំលឹកដល់ព្រះសង្ឃ សមណសិស្ស ឱ្យមានព្រះទ័យភ្ញាក់រំលឹកខ្ពស់ ដឹងខ្លួនជាសមណភេទ ជាគំរូដល់សង្គម កុំភ្លេចខ្លួន មុននឹងធ្វើអ្វីៗមួយ ត្រូវមានសតិមាំ និងត្រូវប្រកាន់ភ្ជាប់ ឱ្យបាននូវអភិសមាចារ្យ ដើម្បីតម្កល់ខ្លួនក្នុងសមណភេទ ជាបុញ្ញក្ខេត្តដ៏ប្រសើរដល់ពុទ្ធសាសនិក ទាយក ទាយិកា។ ព្រះមេគណ មន្ត្រីសង្ឃ គណៈគ្រប់គ្រងពុទ្ធិកសិក្សា ជាពិសេសព្រះចោអធិការសូមបន្តយក ព្រះទ័យ ទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងអប់រំដល់ភិក្ខុ សាមណេរ ក្រោមឱវាទឱ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំនានារបស់គណៈសង្ឃគ្រប់ឋានុក្រម និងគោរពប្រណិបត្តិតាមធម៌វិន័យឱ្យបានភ្ជាប់ភ្ជួន។
សម្តេចព្រះធម្មលិខិតបណ្ឌិត បានជំរុញព្រះមេគណ មន្ត្រីសង្ឃទាំងអស់ទូទាំងខេត្តរតនគិរី ព្រះមេត្តារៀបចំខ្លួនឱ្យស្របតាមទំនើបកម្មក្នុងការដឹកនាំគ្រប់គ្រងក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់របស់ថ្នាក់ដឹកនាំ ជាពិសេសត្រូវពង្រឹងសមត្ថភាព ចំណេះជំនាញ និងពង្រឹងប្រសិទ្ធិភាពក្នុងការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងត្រូវជំរុញឱ្យព្រះសង្ឃ សមណសិស្សនៅតាមវត្តអារាមនីមួយៗ ត្រូវរៀបចំបំពេញព័ត៌មាន ដើម្បីធ្វើឆាយា សង្ឃដីកាគំរូថ្មី ឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់ៗរូប ព្រោះថា ឆាយា សង្ឃដីកានេះ ជាប័ណ្ណសម្គាល់របស់បព្វជិត ដែលចេញដោយព្រះមេគណរាជធានី ខេត្តនីមួយៗ និងជាការងាយស្រួលសម្រាប់ការចុះឈ្មោះ ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមត្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃ ផងដែរ។
ពុទ្ធិកសិក្សា វត្តអារាម តាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្ននេះ បានដើរតួយ៉ាងសំខាន់ក្នុងការអប់រំដល់ព្រះសង្ឃ កុមារតូចៗ កូនអ្នកស្រុកដែលមានជីវភាពខ្វះខាត ខ្សត់ខ្សោយ បានមកបួស សំណាក់រៀន សូត្រក្នុងព្រះពុទ្ធសាសនា ទីវត្តអារាម ដែលមានព្រះចៅអធិការ ព្រះសង្ឃជាតួអង្គដ៏សំខាន់ដែលពុំអាចខ្វះបាន រួមជាមួយទាយក ទាយិកា ឧបាសក ឧបាសិការបស់វត្តជាអ្នកឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃនេះឯង។
ទីវត្តអារាម ជាកន្លងបណ្ដុះបណ្ដាល និងរក្សាទុក វប្បធម៌ ប្រពៃណី ទំនៀបទំលាប់ដូនតា តាំងពីបុរាណកាលមក ត្រូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាណាព្យាបាល ដែលក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបន្តដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអគ្គពុទ្ធសាសនិកជនដ៏ឆ្នើម តែងតែយកចិត្តទុកដាក់ និងលើកតម្កើង ដល់វិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ លើកតម្កើងឧបត្ថម្ភគាំទ្រដល់សាលាពុទ្ធិកសិក្សាគ្រប់កម្រិត។
សូមបញ្ជាក់ថា ក្នុងពិធីនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បាននាំយកនូវថវិកាចំនួន៤. ០០០. ០០០រៀល (៤លានរៀល)ចូលរួមក្នុងពិធីបើកបវេសនកាលនេះផងដែរ៕
៩