ព័ត៌មានជាតិ

យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាមកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាល ស្តីពីបរិយាបន្នពិការភាព និងវិធីសាស្ត្រទប់ស្កាត់កេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ នៅខេត្តមណ្ឌលគិរី

 


ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២៤ ដោយមើលឃើញថាជនឆ្លៀតឱកាស(ជនខិលខូច) បានឆ្លៀតកេងប្រវ័ញ្ចលើអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិសេសកុមារ ក្មេងស្រី និងស្ត្រី និងដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់កិច្ចការពារខ្លួនកុំឱ្យចាញ់ការឆបោក កេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់របស់ជនខិលខូចនោះ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបរិយាបន្នពិការភាព និងវិធីសាស្ត្រទប់ស្កាត់កេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ​ ដល់យុវជនស្ម័គ្រចិត្តមកពីសាខាកាកបាទក្រហមកម្ពុជាចំនួន៩ខេត្ត រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី ដោយមានចូលរួមពីលោក នាយក នាយករង និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា មន្ត្រីគម្រោង ទីប្រឹក្សា យុវជន និងអ្នកស្ម័គ្រចិត្តជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសជាប្រចាំក្នុងការពង្រឹងការងារសហប្រតិបត្តិការជាមួយក្រសួងស្ថាប័ន្ន និងដៃគូពាក់ព័ន្ធពង្រឹងការអនុវត្តសកម្មភាពមនុស្សធម៌ឱ្យទទួលបានជោគជ័យត្រចេះត្រចង់ទៅតាមវិស័យអាទិភាពទាំង៤​ ដែលមានក្នុងយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១-២០៣០។ លោកស្រី អនុប្រធាន បានបន្ថែមថា រៀបចំបើកវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងផ្តល់ចំណេះដឹងជូន លោកនាយក លោកនាយករង នាយិការង មន្ត្រីប្រតិបត្តិ យុវជន និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យយល់ដឹងអំពីបរិយាបន្នពិការភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងចូលរួមកាត់បន្ថយហានិភ័យនៃការប្រើប្រាស់អ៊ិនធឺណេតចំពោះកុមារ ក្មេងស្រី និងស្ត្រី។

លោកស្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានណែនាំដល់ក្មួយៗដែលនិយមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវយកចិត្តទុកដាក់អំពីល្បិចកលរបស់ជនខិលខូចក្នុងពេលបច្ចុប្បន្ននេះ ដោយការប្រើប្រាស់តាមប្រព័ន្ធអនឡាញដោយមិនដឹងខ្លួន និងត្រូវមានវិធីសាស្ត្រការពារខ្លួនកុំឱ្យចាញ់ការឆបោក កេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់របស់ជនខិលខូចទាំងនោះ។ លោកស្រី វិន ស៊ីធួន ក៏បានសំណូមពរដល់អង្គការសកម្មភាពដើម្បីកុមារ (APLE) ជួយគាំទ្រការងារនេះបន្តទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងលើកកម្ពស់បរិយាបន្នជនពិការប្រកបដោយចេរភាព។

លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គនេះ មន្ត្រីក្រុមប្រតិបត្តិសាខានឹងលើកផែនការផ្សព្វផ្សាយបន្តជូនដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាផ្សេងទៀត ដែលមិនទាន់បានចូលរួមរៀនវគ្គនេះ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍ដូចភ្លៀងរលឹម៕

Leave a Reply

Your email address will not be published.