ព័ត៌មានសន្តិសុខសង្គម

គួរឱ្យសម្រេចណាស់ថ្មបាក់សង្កត់ស្លាប់កម្មករ ២នាក់ ក្នុងក្រុមហ៊ុនសំបូរ ម៉ាញនីង

ខេត្តក្រចេះ ៖ កម្មកររបស់ក្រុមហ៊ុន សំបូរ ម៉ាញនីង (ថ្មម៉ាប) ចំនួន ២ នាក់ ត្រូវថ្មបាក់សង្កត់ស្លាប់ភ្លាមៗនឹងកន្លែង ខណៈពេលកំពុងធ្វើការងារ កាលពីវេលាម៉ោង ១៥នឹង៣០នាទី ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ករណីនេះ សមត្ថកិច្ចបានប្រើពេលជាច្រើនម៉ោងរហូតដល់យប់ ទម្រាំកាយយកសាកសពកម្មករទាំង ២ នាក់នោះបាន។ ជនរងគ្រោះទី១- ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអារថ្ម រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ និងទី២- ឈ្មោះ ព្រំ ហ្រ្វីវិចារ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ សាកសពកម្មករ ២ នាក់ បានដឹកយកមកដល់ផ្ទះ នៅវេលាម៉ោង ២៣និង៤០នាទីយប់។

លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានឱ្យដឹងនៅព្រឹកនេះថា ពិតជាមានករណី បាក់ថ្មសង្កត់កម្មករស្លាប់ ចំនួន ២នាក់ នៅក្រុមហ៊ុន សំបូរ ម៉ាញនីង ពិតប្រាកដមែន។ ដោយហេតុការណ៍នេះ បានកើតឡើងតាំងពីពេលរសៀលថ្ងៃទី៤ ខែកក្កដា ម្សិលម៉ិញ ហើយលោកក៏បានបញ្ជាឲ្យក្រុមការងារចុះទៅត្រួតពិនិត្យដល់ទីតាំងផ្ទាល់តែម្ដងរួចមកហើយ។

ពាក់ព័ន្ធជុំវិញករណីឧប្បត្តិហេតុ ថ្មបាក់សង្កត់ស្លាប់កម្មករខាងលើនេះដែរ លោក រត្ន័ តុលា ប្រធានមន្ទីរស្ដីទីនៃមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ នៅពុំទាន់អាចបញ្ជាក់អំពីមូលហេតុដែលបណ្តាលឱ្យកើតមានឧប្បត្តិហេតុនេះឡើងនៅឡើយទេ ប៉ុន្តែលោកបានបញ្ជាឱ្យមន្ត្រីចុះទៅពិនិត្យទីតាំងនៅកន្លែងកើតហេតុហើយ ដើម្បីប្រមូលព័ត៌មានជាក់លាក់ ទើបអាចបញ្ជាក់នៅពេលក្រោយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន សំបូរ ម៉ាញនីង បានធ្វើសកម្មភាពជីកយកថ្មម៉ាតនៅទីតាំងកើតហេតុខាងលើជាច្រើនឆ្នាំមកហើយ៕

Leave a Reply

Your email address will not be published.