ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញចូលក្រាបថ្វាយបង្គំគាល់ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ។
ក្នុងឱកាសដ៏សោមនស្សរីករាយនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់វីរកងទ័ពទាំង១៨រូប ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតចំនួន ១កញ្ចប់ មុង១ ភួយ១ ក្រមា១ សារុង១ និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថវិកាចំនួន ២០ ០០០ ០០០រៀល ។
បន្ថែមពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់វីរកងទ័ពចំនួន១នាក់ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ទទួលបានថវិកាបន្ថែមចំនួន ២០ ០០០ ០០០រៀល និងវីរកងទ័ពចំនួន ២រូប ដែលភរិយាពពោះនឹងត្រូវសម្រាលបុត្រក្នុងពេលខាងមុខ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ ០០០ ០០០រៀល បន្ថែមទៀត៕
















