ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកនាំពាក្យក្រសួងសាធារណការ អំពាវនាវដល់សមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់សមត្ថកិច្ចស្រាវជ្រាវ វែកមុខ និងមានវិធានការតាមផ្លូវច្បាប់ជាធរមានចំពោះអ្នកបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

លោក ផន រឹម បានបញ្ជាក់ទៀតថា ប៉ុ​ន្មានថ្ងៃនេះ មានករណីក្មេងស្ទាវបានធ្វើសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយថតវីដេអូ និងបង្ហោះជាសាធារណៈក្នុងចេតនាលេងសើចខុសទំនង និងជាទង្វើល្មើសច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន។

លោក ផន រឹម បានបន្ថែមថា ទង្វើនេះមិនត្រឹមតែជាសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប៉ុណ្ណោះទេ សកម្មភាពនេះអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតអ្នកដំណើរ និងយានយន្ត ដោយសារបង្គោលនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកដំណើរ។

លោកបន្ថែមថា នេះជាបង្គោលសញ្ញានាំផ្លូវ(Guide Post) ដែលប្រើប្រាស់សម្រាប់បង្ហាញ ជូនព័ត៌មានដល់អ្នកបើកបរឱ្យដឹងពីផ្លូវកោងគ្រោះថ្នាក់ ដោយចុះឡើតចំណោត ឬមាត់ជ្រោះ ឬកន្លែងមានឧបសគ្គដូចជា៖ ក្បាលស្ពាន ខឿន លូ ឬសួនច្បារ ជាដើម។

យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៤១១ បានចែងថាកាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចប្រយោជន៍សំណង់គ្រឹះស្ថានសាធារណ ឬផ្លូវសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល៕

Leave a Reply

Your email address will not be published.