ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនបើកឱ្យក្រុមហ៊ុនបរទេសនានា ធ្វើតេស្តអាវុធរបស់ពួកគេនៅសមរភូមិមុខផ្ទាល់ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី

កៀវ៖ ក្រុមវិនិយោគ និងលទ្ធកម្មសព្វាវុធ គាំទ្រដោយរដ្ឋរបស់អ៊ុយក្រែន ឈ្មោះថា Brave1 កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា បាននិយាយថា អ៊ុយក្រែននឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតសព្វាវុធបរទេសនានា សាកល្បងអាវុធថ្មីៗចុងក្រោយរបស់ពួកគេ នៅលើសមរភូមិមុខនៃសង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

ក្រុម Brave1 បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រោមផែនការ Test in Ukraine ឬសាកល្បងនៅអ៊ុយក្រែន ក្រុមហ៊ុននានា អាចបញ្ជូនផលិតផលរបស់ពួកគេមកអ៊ុយក្រែន និងផ្តល់ការបង្ហាត់បង្រៀនប្រើប្រាស់ពួកវាតាមអនឡាញ រួចរង់ចាំកងកម្លាំងអ៊ុយក្រែនតេស្តអាវុធទាំងនោះ ហើយបញ្ជូនរបាយការណ៍ត្រឡប់ទៅពួកគេវិញ។

លោក Artem Moroz ប្រធានទំនាក់ទំនងវិនិយោគរបស់ក្រុម Brave1 បានលើកឡើងថា «ការធ្វើបែបនោះអាចឱ្យយើងយល់ដឹង​អំពីបច្ចេកវិទ្យាដែលមានបច្ចុប្បន្ន ហើយទន្ទឹមគ្នាវាអនុញ្ញាតឱ្យខាងក្រុមហ៊ុនយល់ច្បាស់ អំពីអ្វីដែលមានប្រសិទ្ធភាពពិតប្រាកដ នៅលើសមរភូមិ»។

សូមជម្រាបថា Brave1 ត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនបង្កើតឡើង កាលពីឆ្នាំ២០២៣ ដើម្បីបម្រើជាវេទិកាអនឡាញមួយ ដែលក្រុមហ៊ុនការពារជាតិអ៊ុយក្រែន អាចស្វែងរកការវិនិយោគ និងជាកន្លែងដែលអង្គភាពយោធាអ៊ុយក្រែន អាចបញ្ជាទិញអាវុធបាន។ បើតាមលោក Moroz ក្រុម Brave1 ក៏បានរៀបចំបញ្ជីនៃបច្ចេកវិទ្យាយោធា ដែលខ្លួនមានបំណងចង់ធ្វើតេស្តផងដែរ៕

 

Leave a Reply

Your email address will not be published.