ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទុរេនខ្មែរ៣កុងតឺន័រទៀត ត្រៀមដឹកទៅចិន នៅសប្តាហ៍ក្រោយ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានអះអាងថា បើគ្មានអ្វីប្រែប្រួលនោះទេ ទុរេនរបស់ខ្មែរ៣កុងតឺន័រទៀត នឹងត្រូវដឹកជញ្ជូនទៅប្រទេសចិននៅសប្តាហ៍ក្រោយ ។

ការលើកឡើង​ របស់លោកអ្នកនាំពាក្យនេះ ដោយសារផ្លែទុរេន ស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាព ពីក្រសួងកសិកម្ម ស្របតាមពិធីសារ នៃការនាំចេញរួចមក ។

បើតាម លោក ឃឹម ហ្វីណង់ ទុរេនទាំង១៧កុងតឺន័រនេះ នឹងដឹកចេញតាមច្រកសមុទ្រនៅថ្ងៃ១៨ កក្កដានេះ ហើយគ្រោងទៅដល់ប្រទេសចិនក្នុងរយៈពេល៩ថ្ងៃទៀត ។លោកគូសបញ្ជាក់ថា “បើមិនមានអ្វីប្រែប្រួលទេ យើងនឹងមានទុរេន ៣កុងតឺន័រទៀត ត្រៀមដឹកជញ្ជូននាំចេញ បន្ថែមនៅសប្តាហ៍ក្រោយ” ។

លោកថា នេះគឺជាការជោគជ័យថ្មីមួយទៀត សម្រាប់ការនាំចេញផ្លែឈើ ស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារ ដ៏មានសក្តានុពលមួយនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដី ដាំដុះទុរេនប្រមាណជា ១១ ០០០ ហិកតា ។ ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ៧ ០០០ហិកតា ដែលអាចផ្តល់ទិន្នផល ជាង ១២០ ០០០តោនក្នុង១ឆ្នាំ៕

 

Leave a Reply

Your email address will not be published.