ព័ត៌មានជាតិ

 រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅជាចម្បង ក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន ដែលកំពុងមានកំណើនយ៉ាងឆាប់ រហ័ស

ខេត្តរតនគិរី៖ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកដល់ជនបង្គោល ឃុំ សង្កាត់ ស្តីពីបច្ចុប្បន្នភាពមុខងារកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដែលរៀបចំឡើងដោយ នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបា លខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី នៅសាលប្រជុំអគារDសាលាខេត្តរតនគិរី។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃអគ្គនាយកដ្ឋានស្ដារសម្បទា. លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប
ទាខេត្តរតនគិរី. លោក លោកស្រី អង្គការតំណាងជនមានពិការភាព និងអង្គការដៃគូពាក់ព័ន្ធ.លោក លោកស្រី នៃការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុងស្រុកទាំង៩ និងលោក លោកស្រី ជាជនបង្គោល ឃុំ សង្កាត់ ទាំង៥០ផងដែរ។

ថ្លែងក្នុងបើកវគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តម
ងិន ណែល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅជាច្បង ក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស ។ ក្នុងអាណត្តិទី៧របស់រដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានផ្តោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាអោយបងប្អូន ទទួលបាននូវផលប្រយោជន៍ពីសំណាញ់សុវត្ថិភាពសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង។

ឯកឧត្តម បន្តថា ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់អំពីសុខទុក្ខ និងធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូន និងគ្រួសារមានភាពប្រសើរ ឡើង ការគោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ និងលើក កម្ពស់ ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការ
រំលោភ បំពានការកេងប្រវ័ញ្ចអំពើហឹង្សានិងដំណោះស្រាយគ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាពស្ត្រីពិការ កុមារ ពិការ និងជនពិការគ្រប់ប្រភេទ។

ឯកឧត្តម ងិនណែល បានចាត់ទុកវគ្គបណ្តុះបណ្តាលរំលឹកដល់ជន បង្គោល ឃុំសង្កាត់ ស្តីពីបច្ចុប្បន្នភាពមុខងារកំណត់អត្តសញ្ញាណកម្មពិការភាពនេះ ពិតជាមានសារៈសំខាន់ ណាស់ ដើម្បីផ្តល់នៅការយល់ដឹង និងអនុវត្តការប្រើប្រាស់មុខងារកំណត់អត្តសញ្ញាណកម្មពិការភាព ដែរបានធ្វើ បច្ចុប្បន្នភាព សម្រាប់កំណត់អត្តសញ្ញាណកម្មពិការភាពនៅ ឃុំសង្កាត់ ដើម្បីផ្តល់នូវសេវាកម្ម និងគាំទ្រដល់ជន មានពិការភាព ដែលជាជនងាយរងគ្រោះ ហើយកំពុងតែត្រូវការចាំបាច់នូវការជួយឧបត្ថម្ភគាំទ្រទាំងជីវភាពទាំងស្មារតី សម្ភារៈ លើកកម្ពស់តួនាទីផលប្រយោជន៍ និងការការពារសិទ្ធិ ពីគ្រប់មជ្ឈដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍ សហគមន៍ និងរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បើតាមលើកឡើងពី លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី ស្តីពីបច្ចុប្បន្នភាពមុខងារកំណត់អត្តសញ្ញាណកម្មពិការភាព ទៅតាមប្រភេទ និងកម្រិតពិការភាពនៅ ទូទាំងខេត្ត គិតចាប់ពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ទិន្នន័យសរុបនៅទូទាំងខេត្តរតនគិរី មានចំនួន ៦,២៧៣នាក់ ស្រី ២,៩៦៤នាក់ អាយុក្រោម១៨ឆ្នាំចំនួន ៦០៤នាក់ ស្រី២២១នាក់ អាយុ១៨ឆ្នាំឡើងចំនួន ៥.៦៦០នាក់ ស្រី២,៧៤០នាក់ ក្នុងនោះប្រភេទពិការភាពមាន៖ ពិការកាយសម្បទាចំនួន ២,៥៨២នាក់ ស្រី ១,១១១នាក់. ពិការញាណដឹងចំនួន ២,២៩៣នាក់ ស្រី ១,១៦០នាក់. ពិការសតិបញ្ញាចំនួន ៣៣០នាក់ ស្រី ១៦៧នាក់. ពិការផ្លូវចិត្តចំនួន ១១៩នាក់ ស្រី ៦៤នាក់. ពិការភាពផ្សេងៗចំនួន ២៩៣នាក់ ស្រី ១៦៩នាក់។
បានចែកបណ្ណសម្គាល់ជនមានពិការភាពដល់ក្រុង ស្រុក ដើម្បីធ្វើការផ្តល់ជូនឃុំ សង្កាត់ សម្រាប់ចែក ជូនជនមានពិការភាពដែលបានធ្វើការកំណត់អត្តសញ្ញាណរួច ចំនួន ៤,៦២៥ប័ណ្ណ។សម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានចុះឈ្មោះឧបត្ថម្ភគោលចំនួន ១១,៦០១គ្រួសារ ក្នុងនោះអ្នកទទួលផលជាសមាជិកមាន៖ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ៩៣៤នាក់ ជន ចាស់ជរាចំនួន ៤.១៦១នាក់ ជនមានពិការភាពចំនួន ៣០២នាក់ អ្នកផ្ទុកនិងកើតជំងឺអេដស៍ចំនួន ៧៥នាក់៕

Leave a Reply

Your email address will not be published.