ខេត្តរតនគិរី ៖ គណៈកម្មការទី៤នៃរដ្ឋសភានាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ និងលោកជំទាវ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥បានដឹកនាំប្រតិភូគណៈកម្មការទី៤ ដោយមានការ អមដំណើរពី ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី ព្រមទាំងប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត មួយចំនួនបាន អញ្ជើញចុះសំណេះ សំណាលជាមួយកងកំលាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា វៀតណាមក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ខេត្តរតនគិរី។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខមានឆន្ទះ មុះមុត និងផែនការច្បាស់លាស់ក្នុងការ កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់ ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារៈសំខាន់ណាស់។ ឯកឧត្តមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ បញ្ចប់ការកសាងផ្លូវក្រវាត់ព្រំដែនដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រ ក្នុងគោលបំណង ពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ ។គំនិតផ្តួចផ្តើមនេះ ទទួលថវិកាពីមូលនិធិកសាហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលបាន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាពជាតិ និងបង្កើតឱកាសសម្រាប់ធ្វើអោយមានកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់ព្រំដែនដាច់ស្រយាល ។
ឯកឧត្តម កែប ជុតិមា បន្តថា ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារ ដ៏សំខាន់មួយទៀតសម្រាប់ បូរណភាពទឹកដី អធិប្បតេយ្យជាតិ កម្ពុជា ដែលមិនមាននរណា អាចរំកិលបាន ។ច្បាស់ណាស់ថា ពេលណាមានផ្លូវទីនេះប្រាកដជាមានការ អភិវឌ្ឍ ។ ប្រជាពលរដ្ឋ អាចទៅតាំងទីលំនៅដ្ឋាននៅទីនេះ ដែល នឹងមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្សារ ដែលវា នឹងក្លាយជាតំបន់ អភិវឌ្ឍ ពីព្រោះ គោល ដៅរបស់ រាជរដ្ឋាភិបាល គឺ កសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា ព្រំដែន សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការ អភិវឌ្ឍ ។ នេះជាយុទ្ធសាស្ដ្រការពារទឹក ដីរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញតាំងពី ជំនាន់សម្ដេចតេជោ និងកំពុងតែអភិវឌ្ឍ គោលការណ៍នេះបន្ដទៀតដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានថ្លែងកោតសរសើរដល់កងកម្លាំងវិស្វកម្មដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចអោយបាននូវការស្ថាបនាផ្លូវ ជាយុទ្ធសាស្ត្រនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
នៅក្នុងឱកាសនេះ ប្រតិភូគណៈកម្មទី៤នៃរដ្ឋសភាដឹកនាំដោយឯកឧត្តម កែប ជុតិមា បាននាំយកនូវគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងវិស្វកម្មរួមមាន៖ ទឹកសុទ្ធ៣០កេស. ត្រីខ១៥កេស. ថ្នាំពេទ្យ២៥ប្រអប់. គុយទាវនិងមីសួ៣០កេស. ត្រីងៀត១៥គីឡូក្រាម និងថវិកា៣លានរៀល។ ជូនវរៈសេនាតូចនគរបាលការពារព្រំដែនលេខ២០៣ ចំនួន២លានរៀល. ជូនសាលាស្រុកអណ្តូងមាស៥០មុឺនរៀល. ជូនសាលាឃុំ២០មុឺន រៀល. ជូនកងកម្លាំងទាំង៣ថវិកា៦០មុឺនរៀល និងប្រជាពលរដ្ឋចូលរួម៦៨នាក់ក្នុងម្នាក់១មុឺនរៀលផងដែរ៕