ព័ត៌មានជាតិ

វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ» ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅថ្នាក់រដ្ឋបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ថ្ងៃចន្ទ ១១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួម អង្កេតដំណើរការរៀបចំវេទិកាថ្នាក់ខេត្តស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ» ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រៀបចំដោយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្ត និងមានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធាន ប្រធានការិយាល័យ មន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរជុំវិញខេត្ត ស្នងការនគរបាល កងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដែលមានសមាស ភាពសរុបចំនួន ២២១នាក់/ស្រី ៣៤នាក់។ វេទិកាថ្នាក់ខេត្តនេះមានគោលបំណង ពិភាក្សា ពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលជាមួយនឹង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធវាយតម្លៃ អំពីវឌ្ឍនភាព សមិទ្ឋផល បញ្ហាប្រឈម ប្ញសំណើសំណូមពររបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីកំណត់វិធីដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកម្មវិធី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ»។ ក្នុងវេទិកាថ្នាក់ខេត្តនាពេលនេះបានផ្តោតលើប្រធានបទសំខាន់ៗ មានដូចខាងក្រោម ៖ ១)-រចនាសម្ព័ន្ឋ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ២)-មុខងារជាអាណត្តិ និងមុខងារដែលបានផ្ទេររបស់ រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ៣)-ធនធានមនុស្សនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ៤)-ធនធានហិរញ្ញវត្ថុ និងការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ៥)-ទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាពរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការប្រាស្រ័យទា់ទង និងគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ និង ៦)-ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ មូលដ្ឋានរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ការគាំទ្រ ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ និងការធ្វើអធិការកិច្ច ។ តាមរយៈការបង្ហាញរបាយការណ៍វឌ្ឍភាព បទអន្តរាគមន៍របស់រដ្ឋបាលខេត្ត បទអន្តរាគមន៍មន្ទីរពាក់ព័ន្ធ បទអន្តរាគមន៍រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងអង្គការសង្គមស៊ីវិល។ អង្គវេទិកាថ្នាក់ខេត្តបានលើកឡើងនូវបញ្ហាប្រឈម ប្ញសំណើ សំណូមពរ ដែលពាក់ព័ន្ឋនឹងប្រធានបទ ដែលបានកំណត់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ សង្កាត់ បានធ្វើការដំណោះស្រាយ និងស្នើសុំអន្តរាគមន៍ ដូចខាងក្រោម៖ ក-)រដ្ឋបាលឃុំ សង្កាត់ទាំងអស់បានលើកឡើងនូវ បញ្ហាប្រឈម ឬសំណើសំណូមពរ ពាក់ព័ន្ធនឹងប្រធានបទនឹងបាន ដោះស្រាយរួចរាល់សរុបចំនួន ១០៥ក្នុងនោះត្រូវបានដោះស្រាយដោយរដ្ឋបាលឃុំ សង្កាត់ចំនួន ៤៣ និងត្រូវ បានដោះស្រាយដោយរដ្ឋបាលក្រុង ស្រុក ចំនួន ៣៥ ។ បញ្ហាប្រឈម សំណើសំណូមពរ របស់រដ្ឋបាលឃុំ សង្កាត់ ដែលបានស្នើសុំដោះស្រាយបន្តមករដ្ឋបាលខេត្ត មានចំនួន ២៧
ខ-)រដ្ឋបាលក្រុង ស្រុក បានលើកឡើងនូវបញ្ហាប្រឈម ឬសំណើសំណូមពរ ពាក់ព័ន្ធនឹងប្រធានបទដែលបានកំណត់ សរុបចំនួន ៥៩ បានដោះស្រាយដោយរដ្ឋបាលក្រុង ស្រុកចំនួន ៣៤ និងបានស្នើមករដ្ឋបាលខេត្ត ដើម្បីដោះស្រាយបន្តចំនួន ២៥។
គ-)បញ្ហាប្រឈម សំណើសំណូមពរជាគន្លឹះរបស់រដ្ឋបាលខេត្តពាក់ព័ន្ធនឹងប្រធានបទមានចំនួន ៤១។ សរុបបញ្ហាប្រឈម ទាំងអស់ចំនួន ៩៣។សូមបញ្ជាក់ផងដែលថា ការរៀបចំវេទិកានៅថ្នាក់ខេត្តនេះមានរយៈពេល ២ថ្ងៃ ហើយត្រូវធ្វើឡើងជារៀងរាល់៣ឆ្នាំម្តង (គិតចាប់ពីឆ្នាំ ២០២១- ២០២៣) ដោយចាប់ផ្តើមអនុវត្តលើកដំបូងនៅឆ្នាំ២០២៤ នេះតទៅ ៕

Leave a Reply

Your email address will not be published.