ភ្នំពេញ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងគោលការណ៍ “ឆន្ទ:ល្អ”។
បើតាមសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា តួអង្គពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ ទាំងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងដៃគូរពាក់ព័ន្ធទាំងអស់ ត្រូវប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ និងលប់បំបាត់ការធ្វើទីផ្សារឧហ្សាហកម្មគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ ហើយជំនួសមកវិញនូវការផ្លាស់ប្ដូរឥរិយាបថការធ្វើទីផ្សារ ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាពសាធារណៈ ឬសារព្រមានគ្រោះថ្នាក់ដែលបង្កឡើងដោយការទទួលទានគ្រឿងស្រវឹង តាមគោលការណ៍ “ឆន្ទ:ល្អ” របស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។
សូមជម្រាបថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស) បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី<<ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង>> និងគោលការណ៍ <<ឆន្ទ:ល្អ>> ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ក្រុមហ៊ុនធុរកិច្ចឧហ្សាហកម្មគ្រឿងស្រវឹង ក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម សមាគមអ្នកផ្តល់សេវាស្លាកសញ្ញាពាណិជ្ជកម្មកម្ពុជា និងដៃគូរពាក់ព័ន្ធ សមាគមអ្នកសារព័ត៌មាននៅកម្ពុជា សមាគមសិល្បៈ ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ សិល្បៈករ សិល្បៈការិនី ព្រមទាំងអ្នកប្រជាប្រិយក៍ភាពក្នុងបណ្តាញទំនាក់ទំនងសង្គម Key Opinion Leader (KOL) នៅឯសណ្ឋាគារសុខាភ្នំពេញ សរុបចំនួន ៧៧០នាក់៕