ខេត្តមណ្ឌលគិរី៖ គិតត្រឹមវេលាម៉ោង៥សូន្យៗនាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់បានជន់លិចចូលដល់ក្នុងភូមិរបស់ប្រជាពលរដ្ឋទូទាំងទាំង៥ឃុំ នៃស្រុកកែវសីមា និងជន់លិចផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួន តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់ឡើងនៅវេលាទៀបភ្លឺនៅថ្ងៃទី១៨កញ្ញានេះ ហើយមកដល់ពេលនេះទឹកជំនន់បានជនលិចចូលដល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន៥ឃុំ មានដូចខាងក្រោម៖ ១. ឃុំស្រែខ្ទមបានជនលិចចូលដល់ខ្នងផ្ទះ ភូមិអូរអាមចំនួន២ខ្នងផ្ទះ ភូមិអូរណាចំនួន៣០ខ្នងផ្ទះ ២. ឃុំស្រែព្រះ បានជន់លិចស្ពានឆ្លងកាត់ផ្លូវអូរទ្រូន ស្ថិតនៅភូមិស្រែព្រះ ៣. ឃុំស្រែឈូកបានជន់លិចស្ពានឆ្លងកាត់ផ្លូវអូរម៉ែកាត និងស្ពានអូរផ្លាស់ ស្ថិតនៅភូមិ ចក់ចារ ឃុំស្រែឈូក ៤. ឃុំមេម៉ង់ បានជនលិចចូលដល់ខ្នងផ្ទះមួយចំនួន ស្ថិតនៅភូមិចក់ចារ ភូមិទួល ៥. ឃុំចុងផ្លាស់ បានជនលិចចូលដល់ខ្នងផ្ទះចំនួន១៥គ្រួសារ ស្ថិតនៅភូមិខ្ញែងនិងភូមិហ៊ូង។
លោក អភិបាលស្រុកកែវសីមា បន្តថា ប្រសិនបើភ្លៀងធ្លាក់នៅតែបន្តប្រជាពលរដ្ឋមួយចំនួនដែលរងផល់ប៉ះពាល់ជនលិចអាច និងប្រឈមរងការខ្វះខាតស្បៀងប្រចាំថ្ងៃ។
យោងតាមប្រភពពីពលរដ្ឋក្នុងតំបន់ជនលិច បញ្ជាក់ថា ផ្នែកខ្លះនៃឃុំទាំង៥ កំពុងជនលិចខ្លាំង គឺទឹកបានហក់ឡើងខ្ពស់ រហូតកន្លែងខ្លះត្រឹមទ្រូង ឬឡើងខ្ពស់ផុតក្បាលទៅទៀត ។ ហើយផ្លូវសំខាន់ដើម្បីធ្វើដំណើរពីទីរួមខេត្តមកកាន់ឃុំមេម៉ង់បានជនលិចខ្លាំងនៅពេលព្រឹក ត្រង់ចំណុចអូរឆាង ប៉ុន្តែគិតរហូតដល់ថ្ងៃត្រង់ ទឹកបានស្រកទៅវិញបន្តិច រថយន្តអាចធ្វើដំណើរបាន។
យ៉ាងណាក៏ដោយ ចំពោះស្រុកកែវសីមា ជារៀងរាល់ឆ្នាំតែងប្រឈមនឹងជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័ស ប៉ុន្តែប្រសិនបើរាំងភ្លៀង ទឹកក៏ឆាប់ស្រក់ទៅវិញលឿនផងដែរ។ ហើយជាទូទៅភូមិសាស្ត្រស្រុកកែវសីមា ថ្វីត្បិតមិនស្ថិតជាប់ដងទន្លេ ប៉ុន្តែមានខ្សែអូរជាច្រើន ដែលធ្វើឱ្យស្ថានភាពទឹកហក់ឡើងពីអូរទាំងនោះ បណ្ដាលឱ្យជនលិច ៕