ខេត្តមណ្ឌលគីរី៖ ទីតាំងនៃការរុករករ៉ែមាសខុសច្បាប់ជាច្រើនកន្លែងនៅចំណុចរហាវ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច បាននឹងកំពុងធ្វើសកម្មភាព រករករ៉ែមាសជារៀងរាល់ថ្ងៃក្រោមការសម្របសម្រួលបើកដៃពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលកំពុងធ្វើសកម្មភាពរុករករ៉ែមាសនៅតំបន់ទីតាំងខាងលើបានឲ្យដឹងថា សកម្មភាពនៃការរុករករ៉ែ នៅម្ដុរហាវ មានប្រមាណជា២០គ្រួសារ ដែលពលរដ្ឋអ្នកធ្វើការរុករករ៉ែទាំងនោះមួយចំនួនមកពីតាមបណ្ដាឃុំស្រុកផ្សេងៗនៅខេត្តក្រចេះ និងមួយចំនួនទៀតជាប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្ទង់ នៃស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ហើយការរុករក មាសនៅតំបន់នោះគឺធ្វើឡើងទាំងខែប្រាំង និងខែវស្សា ខុសត្រង់ថានៅរដូវខែវស្សាគឺសម្បូរទឹកមានប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបានចូលទៅធ្វើសកម្មភាពរុករករ៉ែ នៅតំបន់ផ្សេងៗពីនោះជាច្រើនទៀត ដោយឡែកនៅខែប្រាំង នេះដោយសារមានការខ្វះខាតទឹកប្រើប្រាស់នៅសេះសល់តែមួយចំនួនប៉ុណ្ណោះដែលនៅបន្តសកម្មភាពនៅតាមអូរ ក្នុងព្រៃជើងភ្នំរហាវ ។
ពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរុករករ៉ែ នៅតំបន់នោះបានបង្ហើមឲ្យដឹងថា បច្ចុប្បន្នពិបាករកលុយមិនសូវបានទេ ម៉ាស៊ីនសាំងតូចៗរកមាសបានមួយថ្ងៃត្រឹមតែ មួយហ៊ុនពីហ៊ុនប៉ុណ្ណោះ តែរាល់ការចំណាយច្រើនសម្រាប់តែមន្ត្រីបរិស្ថាន មានមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំព្រិច ក៏មកយកលុយ មន្ត្រីបរិស្ថានស្នាក់ការទួលចំបក់ ស្ថិតនៅក្នុងដែនជំជម្រកកែវសីមា ក៏មកយកលុយ រួមនិងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើនផ្សេងទៀត ។
ប្រភពបន្តថា មន្ត្រីបរិស្ថានតម្រូវឲ្យពួកគាត់ជាអ្នករុករករ៉ែមាស បង់លុយទៅឲ្យក្នុងមួយទីតាំង10 ម៉ឺនរៀលក្នុង១ខែ សម្រាប់អ្នកបូមម៉ាស៊ីនសាំងតូចៗ តែសម្រាប់អ្នកបូមម៉ាស៊ីនខ្នាតធំគឺបង់លុយប្រចាំខែមួយខែ 40 ម៉ឺនរៀល ទាំងមន្ត្រីដែលជម្រកសត្វព្រៃភ្នំព្រិចនិងដែនជម្រកសត្វព្រៃកែវសីមា ក្រៅពីនោះនៅមានសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើនផ្សេងទៀតទៅតាមការចរចាសម្របសម្រួលគ្នា។
ប្រភពបន្តថាសម្រាប់ក្រុមគ្រួសារដែលមានលទ្ធភាពនិងប្រើប្រាស់គ្រឿងម៉ាស៊ីនធំៗសម្រាប់ការរុករករ៉ែមាសនៅទីតាំងនោះ ពួកគាត់ ជាអ្នកចេញមុខសម្របសម្រួលប្រមូលលុយពីតាមរណ្ដៅរ៉ែមាសផ្សេង ទៀតយកឲ្យចាត់ចែងជាមួយនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ហើយនៅពេលចុងខែម្ដងៗគឺពួកគាត់ប្រមូលប្រជាពលរដ្ឋដែលធ្វើសកម្មភាពរុករករ៉ែមាសទាំងនោះ មកជួបជុំគ្នានៅក្នុងភូមិរហាវដើម្បីប្រមូលថវិកាយកទៅចាត់ចែងសម្រាប់សមត្ថកិច្ចពាក់ព័ន្ធទាំងនោះ ។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីបរិស្ថាននៅស្នាក់ការទួលចំបក់ បានបញ្ជាក់ឲ្យដឹងថាតំបន់នោះ មិនស្ថិតនៅក្រោមការគ្រប់គ្រងក្នុងដែនរបស់លោកទេ ចំពោះការដែលគេចោទថាមានមន្ត្រីទទួលយកលុយកាក់ពីរអ្នកធ្វើរ៉ែមាសនោះ ក៏មិនទាន់ដឹងដែរចាំមើលសួរនាំសិន។ ចំណែកមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំព្រិចមិនអាចស្វែងរកការទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយទេ។
អង្គភាពយើងខ្ញុំបានទាក់ទំនងទៅលោក ទី សុផល ប្រធានមន្ទីររ៉ែថាពុលខេត្តមណ្ឌលគិរីបានដឹងថា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋជីករ៉ែមាសខុច្បាប់នៅតំបន់ខាងលើភាគច្រើនក្នុងតំបន់បរិស្ថាន តែបរិស្ថានគេមានរ៉េនជឺសម្រាប់ដើរធ្វើការក្នុងតំបន់របស់គេ។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ស្អែកនេះលោកនឹងចាត់កម្លាំងឲ្យចុះទៅបង្ក្រាបជាបន្ទាន់ ហើយប្រសិនបើមានករណីមន្ត្រីរបស់លោកចុះទៅយកលុយមែនឲ្យរាយការណ៍ជាសម្ងាត់មកលោក៕


