ព័ត៌មានអន្តរជាតិ

អាស៊ាននឹងព្យាយាមស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះថៃ-កម្ពុជា ក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី

គូឡាឡាំពួ៖ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងត្រូវចូលរួមកិច្ចប្រជុំពិសេសមួយក្នុងប្រទេស ម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី២២ ខែធ្នូនេះ ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះរវាងថៃ និងកម្ពុជា ដែលបានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ និងមនុស្សជាងកន្លះលាននាក់ក្លាយជាជនភៀសសឹកក្នុងខែធ្នូនេះ។

ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងព្យាយាមស្ដារឡើងនូវបទឈប់បាញ់មួយដែលត្រូវបានសម្របសម្រួលឡើងដោយម៉ាឡេស៊ីជាប្រធានាអាស៊ានឆ្នាំ២០២៥ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ សមាជិកអាស៊ានថៃ និងកម្ពុជាត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំពិសេសក្នុងទីក្រុងគូឡាឡាំពួ ដែលនឹងក្លាយជាជំនួបទល់មុខលើកដំបូងចាប់តាំងពីការវាយប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី កាលពីថ្ងៃទី៨ ខែធ្នូ។

ក្រៅតែអាស៊ាន សហរដ្ឋអាមេរិក និងចិនក៏បាន និងកំពុងប្រឹងប្រែងដឹកនាំយុទ្ធនាការការទូតដាច់ដោយឡែកពីគ្នា ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះរវាងថៃ និងកម្ពុជាដែរ តែមកទល់នឹងពេលនេះមិនទាន់មានសញ្ញាបង្ហាញថានឹងទទួលបានជោគជ័យនៅឡើយទេ។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ក្រសួងការបរទេសម៉ាឡេស៊ីបានឱ្យដឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នឹងពិចារណាលើជំហាននានារបស់អាស៊ានដែលអាចជួយ បន្ធូរបន្ថយស្ថានការណ៍ និងបិទបញ្ចប់ការប្រយុទ្ធគ្នា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃអាទិត្យម្សិលមិញ ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាកិច្ចប្រជុំពិសេសអាស៊ាននៅថ្ងៃចន្ទនេះនឹងអាចក្លាយជាឱកាសមួយសម្រាប់ថៃ និងកម្ពុជា ចរចាដោយបើកចំហ ដោះស្រាយការខ្វែងគំនិតគ្នា និងសម្រេចបាននូវដំណោះស្រាយមួយដ៏យត្តិធម៌ និងយូរអង្វែង៕

 

Leave a Reply

Your email address will not be published.