ខេត្តកំពង់ស្ពឺ ៖ អ្នកកាសែតចំនួន ០២រូប ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនដោយចោទថា បានដាក់កុងត្រូលជជុះទារលុយពីអ្នករកស៊ីដឹកឈើ អុស ធ្យូងចេញពីភូមិសាស្ត្រស្រុកឱរ៉ាល់។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចផ្លូវគ្រួសក្រហម កំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
អ្នកកាសែតដែលត្រូវឃាត់ខ្លួនមាន៖
ទី១-ឈ្មោះ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរជាអ្នកសារព័ត៌មាន(បាសិទ្ធធីវី) ក្នុងនោះសមត្ថកិច្ចបានដកហូតរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-2110 ពូថៅចំនួន០១ដេីម ដែកចំរ៉ុងចំនួន១០គ្រាប់ ទូរស័ព្ទម៉ាក Iphone ចំនួន ០២គ្រឿង កាតសម្គាល់អ្នកសារពត៌មានចំនួន ០០២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក ប័ណ្ណបើកបរចចចំនួន០១សន្លឹក ប័ណ្ណសម្គាល់រថយន្តចចំនួន១សន្លឹក លុយខ្មែរចំនួន១លានរៀល ។
ទី២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបបួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាព(ស្លឹករឹត)។ក្នុងនោះសមត្ថកិច្ច៖ ដកហូត រថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2O-2441
-ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Iphone ០១គ្រឿង ម៉ាក តិចណូ ០១គ្រឿង)
-លុយខ្មែរចំនួន៤០ម៉ឺនរៀល
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក
-កាតសម្គាល់អ្នកសារពត៌មានចំនួន ០១សន្លឹក
-ជំពាមកៅស៊ូចំនួន ០១
–ចិញ្ជៀនដាំត្បូងចំនួន០១វង់ ។
បន្ទាប់ពីមានការឃាត់ខ្លួនសមត្ថកិច្ចបាននាំយកអ្នកកាសែតទាំង ០២រូប មកកាន់អធិការដ្ឋានស្រុកឱរ៉ាល់ ដេីម្បីធ្វេីការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច អ្នកកាសែតទាំង២នាក់បានឆ្លេីយសារភាពថា ពួកខ្លួនស្ថិតនៅចំណុចនោះ ដេីម្បីឃ្លាំមេីលបទល្មេីសព្រៃឈេី និងយកលុយពីអ្នកដឹកអុស ដឹកធ្យូងក្នុង១ឡាន ៥០០០រៀល ទៅ ១០,០០០រៀលគ្រាន់ទិញបាយហូប ហេីយមិនដែលដេញចាប់ ដេញស្ទាក់អ្វីទេ គឺអ្នករកស៊ីឈើ អុស ធ្យូងទាំងនោះឈប់ឡានអោយដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឪរ៉ាល់ បានប្រាប់«ភ្នំពេញដេលី»នៅព្រឹកថ្ងៃសៅរិ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ ថា ពិតជាមានការឃាត់ខ្លួនអ្នកកាសែតចំនួន ០២រូប។ លោកថា មុនការឃាត់ខ្លួនសមត្ថកិច្ចបានឃើញអ្នកកាសែតបង្ហោះ និងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានកុងត្រូលជជុះ ពេលចុះពិនិត្យឃើញដាក់មែន សមត្ថកិច្ចបានហៅមកសាកសួរ និងមានការសារភាព ហើយត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
បើតាមការឱ្យដឹងពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់«ភ្នំពេញដេលី»ថា អ្នកកាសែតទាំង ០២រូបនោះ ត្រូវបានបញ្ជូនទៅកាន់តុលាការកាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ម្សិលមិញ និងកំពុងស្ថិតក្នុងការសាកសួររបស់តំណាង៕