ព័ត៌មានអន្តរជាតិ

ទេសចរចិនម្នាក់ត្រូវបានចាប់ជំរិត និងប្លន់យកទ្រព្យសម្បត្តិ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ 

បាងកក៖ ទេសចរជនជាតិចិនម្នាក់ត្រូវបានចាប់ជំរិតនិងប្លន់យកទ្រព្យសម្បត្តិអស់ ២៣០ ០០០បាត (៧ ០៩៩ដុល្លារអាមេរិក) ដោយបុរសថៃ២នាក់ដែលតែងខ្លួនធ្វើប៉ូលិសក្លែងក្លាយ នៅទីក្រុងប៉ាតាយ៉ា កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែកក្កដាឆ្នាំ២០២៥ ដែលនេះបង្ហាញពីភាពអសន្តិសុខរបស់ប្រទេសថៃ។

តាមការបញ្ជាក់ពីប៉ូលិសប៉ាតាយ៉ា, ទេសចរចិនដែលមានឈ្មោះ Lin Yifan អាយុ៥២ឆ្នាំ ត្រូវបានចោរចាប់ញាត់ចូលរថយន្ត SUV ពណ៌ស នៅខាងមុខហាងលក់មីមួយលើផ្លូវ North Pattaya ក្នុងតំបន់ Na Kluea នាវេលាម៉ោង៥:៣០នាទីព្រឹក។

ជនរងគ្រោះនិយាយថា គាត់ត្រូវបុរសថៃទាំងពីរ ចាប់ចងនិងជំរិតទារប្រាក់ ដោយយកអាវុធមកភ្ជង់ពីក្រោយទាំងមិនដឹងថាជាកាំភ្លើងឬជាអ្វី រួចក៏ប្លន់យកទូរស័ព្ទ iPhone ២គ្រឿងតម្លៃ ៤៦៣ដុល្លារ និងទ្រពសម្បត្តិផ្សេងទៀត។ ក្រុមចោរក៏បានបង្ខំឲ្យ Lin ផ្ទេរប្រាក់ ៤ ៦៣០ដុល្លារពីគណនីធនាគារផងដែរ។

ចុងក្រោយ Lin ក៏ត្រូវក្រុមចោរដឹកយកទៅទម្លាក់នៅទីវាលមួយចម្ងាយ៩គីឡូម៉ែត្រ ពីកន្លែងចាប់ជំរិត រួចទេសចរចិនរូបនេះក៏រាយការណ៍ទៅកាន់ប៉ូលិសក្រុងប៉ាតាយ៉ា។

នេះជាបញ្ហាមួយទៀតពាក់ព័ន្ធនឹងសន្តិសុខដ៏អន់ខ្សោយរបស់ប្រទេសថៃ ដែលធ្វើឲ្យទេសចរបរទេសមានការធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសគឺទេសចរចិនតែម្តង។

កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីព្យួរតំណែងថៃលោកស្រី Paetongtarn Shinawatra បានបន្ទោសចំៗទៅអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anutin Charnvirakul ថា ដោយសារតែប្រទេសថៃគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ។ ទន្ទឹមនោះលោកស្រី Paetongtarn ទទួលស្គាល់ថា ទេសចរចិនញញើតនឹងមកលេងប្រទេសថៃណាស់ ព្រោះបញ្ហាក្រុមឆបោកតាមទូរស័ព្ទ (call-centre gang)។ លោក Anutin មិនបានធ្វើគ្រប់គ្រាន់ទេដើម្បីដោះស្រាយបញ្ហា៕

 

 

Leave a Reply

Your email address will not be published.