ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ២០២៥ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្តឹងសរុបចំនួន ៥០សំណុំរឿង ក្នុងនោះមានផ្នែករដ្ឋបាលចំនួន ១៩សំណុំរឿង និងផ្នែកនគរបាលចំនួន ៣១សំណុំរឿង។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារខែមិថុនា និងលើកទិសដៅ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។
ក្នុងចំណោមសំណុំរឿងទាំង៥០នោះ បណ្ដឹងពាក់ព័ន្ធការអនុវត្ត តួនាទី ភារកិច្ចរបស់មន្ត្រីរាជការមានចំនួន ២៩សំណុំរឿង និងទំនាស់រវាងប្រជាពលរដ្ឋ ជាមួយមន្ត្រីរាជការមានចំនួន២១សំណុំរឿង។ ចំនួននេះបើគិតទាំងបណ្តឹងដែលនៅសល់ពីខែឧសភា ឆ្នាំ២០២៥ មានចំនួន១៨៧សំណុំរឿង សរុបអគ្គាធិការមានបណ្តឹងក្នុងដៃកំពុងដោះស្រាយចំនួន២៣៧សំណុំរឿង។
ក្នុងខែមុននេះដែរ អគ្គាធិការដ្ឋាន ក៏ទទួលបានរបាយការណ៍បំភ្លឺ ពីបណ្តាអង្គភាពពាក់ព័ន្ធ ចំនួន៤៨របាយការណ៍ រួមមាន ផ្នែករដ្ឋបាលចំនួន ២៣របាយការណ៍ និងផ្នែកនគរបាលចំនួន ២៥របាយការណ៍ ព្រមទាំងបានដោះស្រាយបញ្ចប់ និងបង្វែរបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ និងសាមីបណ្តឹងវិញចំនួន៤៣សំណុំរឿង ក្នុងនោះដោះស្រាយបញ្ចប់ចំនួន៦សំណុំរឿង បង្វែរបណ្តឹងចំនួន ២៩សំណុំរឿង និងរក្សាទុកតាមដានបន្ត៨សំណុំរឿង ចំណែកបណ្តឹងនៅសល់កំពុងបន្តអង្កេតស្រាវជ្រាវដោះស្រាយ។
ក្រសួងមហាផ្ទៃ មានអគ្គាធិការដ្ឋាន ជាសេនាធិការ ដែលមានភារកិច្ច ធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ លើកសំណើផ្អាកជាបណ្តោះអាសន្ននូវដីកា និងសេចក្តីសម្រេចនានារបស់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ ជាដើម។ អគ្គាធិការដ្ឋាន ក៏មានភារកិច្ច ទទួលពាក្យបណ្ដឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងការយកចិត្តទុកដាក់ដឹកនាំតម្រង់ទិសជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បាននិងកំពុងយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ច ស្របតាមច្បាប់ និងគោលការណ៍ដឹកនាំយ៉ាងម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយបំផុត លើការងារអធិការកិច្ចឬសង្កេតស្រាវជ្រាវបណ្ដឹង។
ឯកឧត្តមឧត្តមសេនីយ៍ឯកអគាធិការបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគុណភាពនៃការងារអធិការកិច្ច ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គាធិការដ្ឋាន បាននិងកំពុងអនុវត្តតាមគោលការណ៍គន្លឹះ៦ចំណុច រួមមាន ១. ស្នើសុំគោលការណ៍ពិនិត្យសម្រេចពីថ្នាក់ដឹកនាំក្រសួង ២. រៀបចំលិខិតបង្គាប់ការ ដើម្បីបង្កើតក្រុមការងារ ៣. ក្រុមការងារប្រជុំរៀបចំកម្រងសំណួរ បែងចែកភារកិច្ច និងចុះធ្វើអធិការកិច្ច ឬអង្កេតស្រាវជ្រាវ ឬអញ្ជើញភាគីពាក់ព័ន្ធ ដោយរៀបចំតារាងកម្មវិធីកំណត់គោលដៅ ការធ្វើសម្ភាស ប្រមូលឯកសារពាក់ព័ន្ធ និងមានកំណត់ហេតុ និងការក្តាប់ជាប់នូវស្ថានភាព ៤. រៀបចំរបាយការណ៍ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ច ឬអង្កេតស្រាវជ្រាវ និងធ្វើការប្រជុំដើម្បីស្នើសុំ ថ្នាក់ដឹកនាំពិនិត្យសម្រេច ៥. ក្រុមការងារអនុវត្តតាមគោលការណ៍ណែនាំនានារបស់ថ្នាក់ដឹកនាំក្រសួង និង៦. ក្នុងនាមមន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និងត្រូវវាងវៃលើការងាររបស់ខ្លួន ក្នុងការវិភាគវាយតម្លៃលើអង្គហេតុនៃមុខសញ្ញាអង្កេតស្រាវជ្រាវ ត្រូវមានភាពទន់ភ្លន់ ប៉ិនប្រសប់ និងមានភាពបទបែន ក្នុងការពិនិត្យលើអង្គហេតុ អង្គច្បាប់។
សូមបញ្ជាក់ថា អគ្គាធិការដ្ឋាន មានរចនាសម្ព័ន្ធចំណុះ ចំនួន ៦រួមមាន ១- នាយកដ្ឋានរដ្ឋបាលសរុប ២- នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល ៣- នាយកដ្ឋានទទួលពាក្យបណ្ដឹងនិងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ៤- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ៥- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត និង៦- នាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល៕