ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា

ភ្នំពេញ៖ នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកជំទាវ Manuela V. Ferro បានសម្ដែងអំណរគុណ និងសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតី នាឱកាសនេះ។ លោកជំទាវបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះភាពខ្លាំង និងសក្ដានុពលរបស់កម្ពុជា ទោះបីជានៅក្នុងបរិបទដែលពិភពលោកមានភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាបាននូវសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលត្រូវបានកសាងឡើងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ ការណ៍នេះបានធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសដែលមានការវិវឌ្ឍទៅមុខប្រកបដោយថាមពល។ ជាក់ស្ដែង, ក្នុងអំឡុងវិបត្តិកូវីដ-១៩, កម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយ ដែលសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ បន្ថែមលើសពីនេះ, លោកជំទាវបានអះអាងថា ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ ដូចជា៖ អប់រំ, សុខាភិបាល និងកសិកម្ម។ លោកជំទាវបានបន្តទៀតថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាគួរពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋាភិបាល ក៏ដូចជាពង្រឹងសមត្ថភាពវិស័យសក្ដានុពល រួមមាន៖ ថាមពល, កសិកម្ម, កសិ-ឧស្សាហកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីដែលមានស្រាប់។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ធនាគារពិភពលោកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតី បានលើកឡើងអំពីចក្ខុវិស័យ និងគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅធានាការអភិវឌ្ឍប្រកបដោយភាពធន់ និង ចីរភាព។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការផ្ដោតអាទិភាពលើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងការអប់រំចាប់ពីបឋមសិក្សា ដល់មធ្យមសិក្សា និងការដាក់ចេញកម្មវិធីតម្រង់ទិសជ្រើសរើសជំនាញ ។ បន្ថែមពីនេះ, សម្ដេចបវរធិបតី ក៏បានលើកពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់យុវជន ១,៥លាននាក់ សំដៅពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម, កម្មន្តសាល និងខ្សែច្រវាក់ផ្គត់ផ្គង់។ សម្ដេចបវរធិបតីបានបន្តថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការពង្រឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយភាពជាក់ស្ដែងនិយម ដើម្បីគាំទ្រ និងធានាភាពរឹងមាំនៃវិស័យទាំងនេះ។ សម្ដេចបវរធិបតីបានជំរុញលើកទឹកចិត្ត ឱ្យធនាគារពិភពលោកបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចបវរធិបតី និងលោកជំទាវ ក៏បានពិភាក្សាផ្លាស់ប្ដូរមតិយោបល់ក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន, វិស័យឌីជីថល, ថាមពលកកើតឡើងវិញ, អប់រំ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕

Leave a Reply

Your email address will not be published.