ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធសមិទ្ធក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅនៅតាមសាលានានាទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពិធីសម្ពោធសមិទ្ធផលដែលមានគុណតម្លៃខ្ពស់លើការអប់រំនេះ រៀបចំឡើងនៅវិទ្យាល័យឧដុង្គ ស្ថិតក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
របាយការណ៍បានឱ្យដឹងថា អគារសិក្សា ផ្ទះគ្រូបង្រៀន និងទីចាត់ការ ដែលសម្ពោធនាព្រឹកថ្ងៃនេះ ស្ថិតក្នុងគ្រឹះស្ថានសិក្សាចំនួន៦ រួមមាន៖
១៖ វិទ្យាល័យឧដុង្គ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ។ អគារសិក្សាត្រូវសម្ពោធមានចំនួន២ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២៤បន្ទប់។ អគារនេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។
២៖ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ។ អគារសិក្សាត្រូវសម្ពោធចំនួន១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៨បន្ទប់។ អគារនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។
៣៖ វិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ ស្ថិតក្នុងស្រុកគងពិសី។ អគារត្រូវសម្ពោធមានអគារសិក្សាចំនួន១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់, អគារទីចាត់ការចំនួន១ខ្នង កម្ពស់ ១ជាន់ ស្មើនឹង៣បន្ទប់ និងផ្ទះគ្រូបង្រៀនចំនួន១ខ្នង កម្ពស់២ជាន់ ស្មើនឹង ២០បន្ទប់។ អគារទាំងនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។
៤៖ សាលាបឋមសិក្សាជ្រៃហូរព្នៅ ស្ថិតក្នុងស្រុកគងពិសី។ អគារ ត្រូវសម្ពោធរួមមានអគារសិក្សាចំនួន១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់ និងអគារទីចាត់ការចំនួន១ខ្នង កម្ពស់ ១ជាន់ ស្មើនឹង ៣បន្ទប់។ អគារទាំងនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។
៥៖ វិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន។ អគារដែលត្រូវសម្ពោធ មានអគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៨បន្ទប់។ អគារនេះ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។
៦៖ អនុវិទ្យាល័យ រត្នមុន្នីគិរីឧត្តម ស្ថិតក្នុងស្រុកបសេដ្ឋ។ អគារត្រូវសម្ពោធរួមមាន អគារសិក្សាចំនួន១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ និងអគារទីចាត់ការចំនួន ១ខ្នង កម្ពស់ ១ជាន់ ស្មើនឹង៣បន្ទប់។ អគារទាំងនេះ ចាប់ផ្តើមសាងសង់ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២២៕