បាងកក៖ ករណីឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងប្រទេសថៃ បានឈានដល់កម្រិតដ៏ធ្ងន់ធ្ងរមួយ ដោយមានច្រើនជាង ១.៨៥លានករណី ត្រូវបានរាយការណ៍ទៅកាន់ មជ្ឈមណ្ឌលប្រតិបត្តិការទប់ស្កាត់អំពើឆបោកអនឡាញ (AOC) គិតចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ដោយស្ថិតក្រោមក្រសួងសង្គមនិងសេដ្ឋកិច្ចឌីជីថលថៃ AOC បាននិយាយថា គិតជាមធ្យម ខ្លួនទទួលការរាយការណ៍អំពីករណីឆបោកជាង ៣០០០ករណីក្នុងមួយថ្ងៃ។ អំឡុងរយៈពេលដូចគ្នាខាងលើ គណនីធនាគារសរុបជាង ៧៣៩ ០០០ករណី ជាប់ពាក់ព័ន្ធសកម្មភាពឆបោកត្រូវបានបង្កក ខណៈប្រការនេះរំលេចឱ្យឃើញពីវិសាលភាពដ៏ធំធេង នៃបណ្តាញឆបោកអនឡាញ នៅទូទាំងប្រទេស។
យោងតាម AOC ថវិកាសរុបដែលត្រូវបានបាត់បង់ដោយសារអំពើឆបោកតាមអនឡាញ នៅក្នុងប្រទេសថៃ មានចំនួនសរុបលើសពី ២១.៨លានបាត (៦៧០ ០០០ដុល្លារអាមេរិក) ដោយពួកក្រុមឧក្រិដ្ឋជនប្រើប្រាស់មធ្យោបាយចម្រុះ និងកាន់តែស្មុគស្មាញជឿនលឿនខ្លាំងទៅៗ ហើយជារឿយៗ ពួកទាំងនោះកំណត់គោលដៅលើជនរងគ្រោះ តាមរយៈវេទិកាឌីជីថលដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
វិធីសាស្រ្តដែលពួកឆបោកនិយមប្រើ រួមមានដូចជាគម្រោងវិនិយោគបោកប្រាស់ ផ្សព្វផ្សាយនៅតាម Facebook, Messenger និង LINE, ការសន្យាផ្តល់រង្វាន់ខ្យល់ ជាថ្នូរនឹងការផ្ទេរលុយឱ្យមុន, ការហៅទូរសព្ទគំរាមកំហែង ដោយបន្លំធ្វើជាអាជ្ញាធរ, ការឆបោកផ្តល់ការងារដែលមានចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យបង់ប្រាក់មុន ជាដើម។ សកម្មភាពឆបោកទាំងនេះជាទូទៅ ភ្ជាប់ជាមួយភាពប្រញាប់ប្រញាល់ជាបន្ទាន់ ដើម្បីទុកឱកាសតិចតួចឱ្យជនរងគ្រោះ អាចមានពេលផ្ទៀងផ្ទាត់ព័ត៌មាន ឬស្វែងរកជំនួយ។
អាជ្ញាធរនិងអ្នកជំនាញថៃ យល់ឃើញថា ការកើនឡើងនៃវិសាលភាពនិងភាពស្មុគស្មាញនៃករណីឆបោកទាំងនេះ ទាមទារជាបន្ទាន់នូវឧបករណ៍ ដែលអនុញ្ញាតឱ្យសាធារណជន អាចធ្វើសកម្មភាពបានលឿន និងមានប្រសិទ្ធភាព។ ស្របពេលដែលចំនួនករណីឆបោកអនឡាញ នៅតែបន្តកើនឡើងក្នុងប្រទេសថៃ ក្រុមអ្នកជំនាញសង្កត់ធ្ងន់អំពីសារសំខាន់នៃការជួយគាំទ្រដែលរហ័សនិងមានកិច្ចសហការ ដើម្បីកាត់បន្ថយទំហំនៃការខាតបង់ ហើយធ្វើឱ្យកិច្ចប្រឹងប្រែងទប់ស្កាត់ករណីឆបោក មានភាពប្រសើរឡើងជាងមុន៕