ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុម័ត លើការស្នើសុំធ្វើវិសោធនកម្ម ដកសញ្ជាតិពលរដ្ឋគុបគិត ជាមួយបរទេសបំផ្លាញខ្មែរ

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើ របស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% លើការស្នើសុំធ្វើវិសោធនកម្មច្បាប់ ដកសញ្ជាតិពលរដ្ឋខ្មែរ ដែលបានគុបគិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិ ។

ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃ៧ កក្កដា ក្រោយរដ្ឋសភា ទទួលពិនិត្យសំណើ របស់តំណាងរាស្រ្តហត្ថលេខី១២៥រូប ដែលបានស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ ក្បត់ពលរដ្ឋខ្លួន និងការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរ ដោយគុបគិតជាមួយបរទេស ។

តាមគម្រោង គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យលទ្ធផល នៃការពិនិត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី៨ ខែកក្កដា ស្អែកនេះ ហើយសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា របស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូបនេះ នឹងដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តនៅព្រឹកថ្ងៃ១១ កក្កដា ។

ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីធានាការពារនិងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងប្រឆំាងរាល់សកម្មភាពក្បត់ជាតិ ដោយបុគ្គលណាដែលបានគុបគិត ជាមួយបរទេសមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង។

យោងតាមមាត្រា៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាព ណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងពលរដ្ឋខ្មែរឡើយ។
សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។

ទន្ទឹមនេះ នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប(មាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ព្រោះប្រទេសទាំងនេះជាបិតាប្រជាធិបតេយ្យ)។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមាន ដូចជា បារាំង, អាម៉េរិក, អង់គ្លេស, អាល្លឺម៉ង់, អូស្ត្រាលី, អ៊ីតាលី, ប៊ែលហ្ស៊ិក, ឥណ្ឌា, កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឲ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានទួលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថា សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ មិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមឡើយ។ សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ អាចធ្វើទៅបាន៕

Leave a Reply

Your email address will not be published.