ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធី “ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារ សាងក្តីសង្ឈឹមដល់យុវជន” ក្រោមវត្តមាន ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឌឹម នី អភិបាលរងខេត្ត រួមទាំងមន្ទីរ/អង្គភាពជុំវិញខេត្ត តំណាងវិស័យឯកជន តំណាងក្រុមហ៊ុន សហគ្រាស អង្គការដៃគូ សិស្ស និស្សិតជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
លោក ឌឹម នី អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ បានយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។ លោក បន្ថែមថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ ជីវភាព កាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន្តក្នុងការផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូប អាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា ដោយបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលថ្មី ផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍជាតិកម្រិត ១, ២, ៣ ៤ និង៥សម្រាប់វិស័យអាទិភាពទាំង១០ រួមមាន សំណង់ស៊ីវិល មេកានិក អគ្គិសនី និងថាមពល អេឡិចត្រូនិកកម្មន្តសាល បរិក្ខារត្រជាក់ និងកំដៅ និងធុរកិច្ច ព័ត៌មានវិទ្យា ទាំង៤៥មុខរបរ ព្រមទាំងរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុនដែលនឹងធ្វើសមាហរណកម្ម អ្នកបានទទួលការបណ្តុះបណ្តាល គ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
លោក ងូក សុវណ្ណ អនុប្រធានមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បានអានសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានផ្តល់អាទិភាពគន្លឹះទី១ លើ «មនុស្ស ហើយ «ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» គឺជាអាទិភាពបន្តបន្ទាប់តាមលំដាប់។
លោក កោ គីមអាន នាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ១.៥លាននាក់នេះ សម្រាប់ខេត្តមណ្ឌលគិរី តាមផែនការត្រូវបណ្តុះបណ្តាលយុវជនប្រមាណ៩.៩៦៧នាក់ ជាយុវជនមកពីគ្រួសារក្រីក្រ ជាក់ស្តែងការបណ្តុះបណ្តាល ឆ្នាំទី១ បានចំនួន១៨២រូប មានបីពេល វេនថ្ងៃ យប់ និងវេនសៅរ៍អាទិត្យ ហើយបានតេស្តបញ្ចប់វគ្គ បានចុះកម្មសិក្សានិងធ្វើការនៅតាមមន្ទីរនានា ព្រមទាំងវិស័យឯកជនបានចំនួន១១៨នាក់ផងដែរ។ ដោយឡែកឆ្នាំទី២ ៥ខែនេះ មានយុវជនចុះឈ្មោះចូលរៀនចំនួន៨០នាក់ប៉ុណ្ណោះ លើពីរជំនាញ សេវាកម្មកុំព្យូទ័រ អគ្គិសនី សម្អាង កាយ ជួសជុលម៉ូតូ បើប្រៀបធៀបផែនការបានចំនួនតែ៣០%នៃផែនការឆ្នាំប៉ុណ្ណោះ បើប្រៀបធៀបផែនការទាំងមូលបានចំនួន២.៧២%នៃផែនការរួម។ ចំណែកថ្នាក់ជាន់ខ្ពស់បច្ចេកទេសមានពីរជំនាញ ព័ត៌មានវិទ្យា និងថ្នាក់អគ្គិសនី ឆ្នាំទី១ មាន៣៨រូប និងឆ្នាំទី២ មាន៣៧រូបផងដែរ៕