ភ្នំពេញ ៖ កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមព្រំដែនទាំងអស់ បន្ទាប់ពីផុតឱសានវាទ ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការឆ្លើយតបចំពោះការគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។
ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យថា មកទល់ពេលនេះ នៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុង នូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។
លោកបន្តថា “ច្រកអន្តរជាតិដែលបានបិទ ការលើនាំចូលបន្លែផ្លែឈើពីថៃនេះ មានចំនួន៧ នៅច្រកជាំ ច្រកអូស្មាច់ ច្រកភ្នំដី ច្រកព្រំ ច្រកដូង ច្រកប៉ោយប៉ែត និងច្រកស្ទឹងបត់”។
សូមជម្រាបថា កាលពីថ្ងៃ១៦ មិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសទុកពេលឲ្យភាគីថៃ ត្រឹមរយៈពេល២៤ម៉ោង ក្នុងការបើកច្រកទ្វារព្រំដែន ដែលថៃបានបិទជាឯកតោភាគី បើមិនព្រមបើកទេ នឹងបិទទ្វារព្រំដែនមិនឲ្យមាន ការនាំចូលបន្លែផ្លែឈើគ្រប់ប្រភេទពីថៃ។
សូមបញ្ជាក់ថា វិវាទព្រំដែនរវាងកម្ពុជា-ថៃ បានឡើងជារលកកម្ដៅខ្លាំងម្តងទៀត កាលពីព្រឹកថ្ងៃ២៨ ឧសភា ក្រោយកងទ័ពថៃ បានបាញ់មុនចូលលេណដ្ឋានកម្ពុជា បណ្ដាលឲ្យយោធិនកម្ពុជា១នាក់ បាត់បង់ជីវិត នៅតំបន់មុំបី ក្នុងទឹកដីខេត្តព្រះវិហារ ។ ក្រោយជម្លោះរវាងភាគីកើតឡើងអស់ជិត២០ថ្ងៃមកនេះ កម្ពុជាបានយកសំណុំរឿងតំបន់មុំបី , ប្រាសាទតាមាន់តូច , ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) កាលពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៥ ហើយក៏បានទៅដល់ដៃក្រឡាបញ្ជីនៃ ICJ កាលពីថ្ងៃល្ងាចថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៥ ៕