ព័ត៌មានសន្តិសុខសង្គម

សូមប្រុងប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី​ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចឆបោកប្រាក់ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring) ដែលជាល្បិចឆបោកថ្មីមួយ។
យោងតាមការជូនព័ត៌មានបានឱ្យដឹងថា នៅថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាព​បច្ចេកវិទ្យា​ឌីជី​ថល​នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ​បានទទួលពាក្យបណ្តឹង​និងសេចក្តី​រាយ​ការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី​ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញ​សង្គម​ (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ​ (Wireless Pairing) ហើយលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត​ (Mobile Banking) របស់ជនរងគ្រោះ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញនូវវិធីសាស្ត្រជ្រៀតចូល​ និងឆបោកដូចខាងក្រោម៖
១៖​ឧក្រិដ្ឋជនប្រមែប្រមូលព័ត៌មាន​ និងសាវតាជនរងគ្រោះ​ (អាសយដ្ឋាន​ និងលេខទូរស័ព្ទ)
២៖​ឧក្រិដ្ឋជនលួចភ្ជាប់បណ្តាញ​ (WiFi) របស់ជនរងគ្រោះ
៣៖​ទូរស័ព្ទទៅកាន់លេខជនរងគ្រោះ​ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ​(តួយ៉ាង​សេវា​ផ្គត់ផ្គង់ទឹក​ ឬភ្លើងអគ្គិសនី)​ ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធី​និងរបៀបភ្ជាប់មុខងារ​បង់ថ្លៃ​សេវាតាមអ៊ីនធឺណិត​
៤៖​អំឡុងពេលណែនាំ​ ឧក្រិដ្ឋជនបានឱ្យជនរងគ្រោះបើកដំណើរការ​ «Developer Mode» បើកជម្រើស «Wireless Debugging» និង​ភ្ជាប់ទូរស័ព្ទជនរងគ្រោះទៅកាន់​ម៉ាស៊ីន​កុំព្យូទ័រ​ឧក្រិដ្ឋជន​«Paring Device»
៥៖​ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីជំនួយធ្វើការបញ្ជាកម្មវិធីធនាគារចល័ត​ (Mobile Banking) របស់ជនរងគ្រោះ​ និងលួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។
ដើម្បីចៀសវាងការរងគ្រោះដូចបានរៀបរាប់ខាងលើនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបុគ្គល​ដែលបានទាក់ទងពីការ​ផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬឯកជននានា។ ទន្ទឹមនឹងនោះ ត្រូវអនុវត្តន៍វិធីសាស្រ្តមួយចំនួនដូចខាង​ក្រោម៖
១៖ ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់មុនសម្រចធ្វើ​តាមការណែនាំ​ផ្សេងៗ
២៖ ដាក់ប្រព័ន្ធការពារគណនី​ (រួមមាន៖​ 2FA​ លេខកូដរាល់ប្រតិបត្តិការ​កំណត់ចំនួនទឹកប្រាក់​នៃប្រតិបត្តិការ។ល។)​
៣៖​ពិនិត្យសមតុល្យ​ និង​កំណត់ត្រាប្រើប្រាស់​គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យ​ណាមួយ​ ត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានណែនាំឱ្យរាយការណ៍ ឬដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ចជំនាញក្នុងករណីមានជួបប្រទះការចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យាដូចបានរៀបរាប់ខាងលើ៕

Leave a Reply

Your email address will not be published.