ព័ត៌មានសន្តិសុខសង្គម

មន្រ្តីថ្នាក់ដឹកនាំការិយាល័យដែនជម្រក សត្វព្រៃភ្នំព្រេច-លំផាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែកប្រមូលឈើកប់ក្នុងដី

ខេត្តមណ្ឌលគិរី៖ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីថ្នាក់ដឹកនាំការិយាល័យដែនជម្រក សត្វព្រៃភ្នំព្រេច-លំផាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ក្រោយទទួលបានព័ត៌មានពីការលួចសន្និធិឈើខុសច្បាប់ ត្រង់ចំណុចស្រែតាអង និយាមកា ៧១៣៧៦៣ -១៤៣៤៦៨៥ ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ក្រុមការងារសង្កេតឃើញថាទីតាំងនេះស្ថិតនៅក្នុងបរិវេណ អតីតដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនម៉ាស្ទ័ខេសាន់ ក្រោយពីបានធ្វើការត្រួតពិនិត្យ ក្រុមការងារបានរកឃើញទីតាំងលាក់ឈើមានចំនួន០៣ន្លែង ដែលជនសង្ស័យបានលួចលាក់ទុកនិងកប់ចោលក្នុងកំឡុងពេលដែលមានការបង្ក្រាបរបស់ថ្នាក់ជាតិកាលពីឆ្នាំ២០១៥កន្លងទៅ ជាលទ្ធផលក្រុមការងារទទួលបានដូចខាងក្រោម៖
១/ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើមូល ប្រភេទឈ្លីចចំនួន១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ(មួយម៉ែត្រត្រីគុណកៅសិបពីរ) ដែលមានស្ថានភាពគុណភាពប្រមាណ២០%-២៥%។
២/ទីតាំងអតីតរោងស្នាក់នៅរបស់កម្មករក្រុមហ៊ុនម៉ាស្ទ័ខេសាន់ មានឈើអារប្រភេទសុក្រម ចំនួន១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ(បីម៉ែត្រត្រីគុណហាសិបពីរ) ដែលមានស្ថានភាពគុណភាពប្រមាណ៣០%។
៣/ទីតាំងដែលជនស្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន១៩កំណាត់ ស្មើនឹង១,៣៨៣ម៉ែត្រត្រីគុណ (មួយម៉ែត្រត្រីគុណបីរយប៉ែតសិបបី)គុណភាព ប្រមាណ២០%។
ក្នុងពេលប្រតិបត្តិការធ្វើការប្រមូល និងគាស់កកាយយកវត្ថុតាងខាងលើពុំឃើញមានជនសង្ស័យណាម្នាក់មកអះអាងថាជារបស់ខ្លួនឡើយ។ ក្រុមការងារបានប្រមូលវត្ថុតាងមករក្សាទុកនៅស្នាក់ការរង កែរពៅ ដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.