ខេត្តក្រចេះ ៖ ក្រោយពីបានស្ងប់ស្ងាត់មួយរយៈតូចក្នុងស្រុកឆ្លូង ក៏ដូចជាស្រុកនានាក្នុងខេត្តក្រចេះបើទោះបីជាច្បាប់បានការហាមឃាត់ និងមានបទបញ្ជារពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត យ៉ាងណា ក៏នៅតែមានការបើកឱ្យលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ Online គ្រប់ប្រភេទ យ៉ាងអាណាធិបតេយ្យ រីកដូចផ្សិត នៅតាមបណ្តាស្រុកនានាក្នុងទីរួមខេត្តក្រចេះ នេះបើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដែលបានថតរូបភាពផ្ញើមកកាន់អង្គភាពរបស់យើងខ្ញុំ។
ប្រភពពីសមត្ថកិច្ចនៅក្នុងស្រុកឆ្លូង បានបង្ហើបប្រាប់ អង្គភាពខ្មែរឦសានយើងខ្ញុំថា ទោះបីជាមានប្រជាពលរដ្ឋ ប្តឹងទៅសមត្ថកិច្ច ឬអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត យ៉ាងណា ក៏នៅតែមិនមានសមត្ថកិច្ចមូលដ្ឋាន ឬមន្ត្រីពាក់ព័ន្ធណាមួយចុះបង្រ្កាបដែរ ព្រោះថា គ្រប់ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ Online ទាំងអស់ប្រហែលជាមានខ្សែ មានវល្ល៍ នៅពីក្រោយការបើកឲ្យលេង ម្យ៉ាងវិញទៀត វាជាឆ្នាំងបាយរបស់មន្ត្រីទាំងអស់នោះផងដែរ ។
ប្រភពព័ត៌មានពីពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពយើងខ្ញុំថា ទីតាំងល្បែង Online ទាំងនេះលេងបាននៅតាមភូមិ ស្រុកនានា ដោយគ្មានការរំខានពីសមត្ថកិច្ចជំនាញ ដួចជាលោកមេប៉ុស្តិ៍ នៅតាមបណ្តាស្រុកក្នុងខេត្តក្រចេះដែរ។ ប្រភពបន្តថា ពួកគាត់សព្វថ្ងៃរកប្រាក់ចំណូលប្រចាំថ្ងៃស្ទើរតែពុំបានដើម្បីបំពេញជីវភាពប្រចាំថ្ងៃផង ដល់តែពេលមានល្បែង Online រីកដូចផ្សិតចឹងធ្វើឲ្យពួកគាត់មិនមានអារម្មណ៍សុវត្ថិភាពព្រោះភ័យខ្លាចទាំងមានចោ ដូចជាចោគាស់ផ្ទះ និងចោប្លន់ជាដើម។
ជាក់ស្តែងគេសង្កេតឃើញទីតាំងមួយចំនួន ដូចជាតារាងបាល់ទាត់ ជិតវត្តបច្ឆាក្នុងក្រុងក្រចេះ ខេត្តក្រចេះ និងទល់មុខកំពង់ចម្លងឬស្សីចា បានបើកឲ្យលេងល្បែង Online ដោយសេរីគ្មានរំខានដល់សមត្ថកិច្ចណាមួយឡើយ ។
កន្លងមកសម្តេចបានមានប្រសាសន៍ហើយថា ទីតាំងទាំងអស់នោះគឺពិតជាកន្លែង ទទួលប្រយោជន៍របស់មន្ត្រីទាំងនោះ មិនមែនអស់លោកដែលជាមន្ត្រីសមត្ថកិច្ច នៅតាមមូលដ្ឋានមិនដឹងនោះទេ ។
ប្រភពពីពលរដ្ឋបានបន្តថា តើភូមិឃុំសុវត្ថិភាពរំពឹងអ្វីទៀត ហេតុអ្វីទើបគ្មានអ្នកបង្ក្រាប ឬពិតជាឆ្នាំងបាយរបស់អស់លោកដែលជាសមត្ថកិច្ចជំនាញមែនឬទេ ? តើលោក អធិការ លោកស្នងការ និង លោកអភិបាលទាំងនោះធ្វើអ្វីខ្លះទៅ? ឬក៏ចាំឈរនៅកាងពីក្រោយការលេងល្បែង Online ទាំងនោះ។ ជាក់ស្តែងល្បែងទាំងនោះ មានអ្នកឈររត់ការ ដើម្បីដោះស្រាយ បាយទឹក ដល់មន្ត្រីទាំងអស់នោះ ដើម្បីបិទបាំងជាថ្នូរ។
ជុំវិញករណីការបើកលេងល្បែងស៊ីសង តាមប្រព័ន្ធ Online ក្នុងភូមិសាស្រ្តខខាងលើនេះដែរ អង្គភាពយើងបានរាយការណ៍ទៅលោកអធិការក្រុងក្រចេះដែរ តែហាក់ដូចជាពុំមានចំណាត់ការអ្វីឡើយ។
អង្គភាពយើងខ្ញុំក៏បានរាយការណ៍ជូនទៅលោកស្នងការរងខេត្តក្រចេះលោកបានមានប្រសាសន៍ថា លោកថាបានដាក់ផែនការរួចហើយ លោកនឹងប្រជុំដាក់ផែនការបន្ថែមទៀត ហើយប្រសិនបើប៉ុស្តិ៍ណាឲ្យមាន លោកនឹងដកប៉ុស្តិ៍នោះចេញ។ ចំណែកលោកអធិការស្រុកឆ្លូង យើងខ្ញុំបានរាយការណ៍ជូនលោកថា ជាប់រវល់ដូច្នេះយើងខ្ញុំបានរាយការណ៍ជូនតាមប្រព័ន្ធតេលេក្រាមរួចរាល់ផងដែរ។
អង្គភាពគេហព័រសំណេអមតៈយើងខ្ញុំ ពុំមានការផ្សាយដើម្បីញុះញង់ដោយចេតនា អាក្រក់ធ្វើឱ្យប៉ះពាល់ដល់អង្គភាពឬស្ថាប័នណាមួយឡើយ ហើយអង្គភាពយើងខ្ញុំនៅតែរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ៕