ខេត្តស្ទឹងត្រែង៖ ក្នុងដំណើរចុះជួបសួរសុខទុក្ខនិងជូនដំណើរប្រជាពលរដ្ឋ ដែលបានមកកាន់ស្រុកកំណើត ហើយវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិត្រូវបានបញ្ចប់ ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ២០២៤នេះ បានចាត់ទុកដំណើរមកលេងស្រុកកំណើតរបស់ប្រជាពលរដ្ឋ គឺជាជោគជ័យរបស់ រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
ជាមួយនឹងការវិលត្រឡប់ទៅរាជធានីភ្នំពេញវិញរបស់ប្រជាពលរដ្ឋកម្មករនិងកម្មការនីប្រមាណ១២២៥នាក់ខាងលើនេះដែរ ពួកគាត់បានសំដែងការសាទរចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចំណាយថវិកាក្នុងការរៀបចំរថយន្តក្រុង សម្រាប់ដឹកជញ្ជូនពួកគាត់ទាំងទៅមក និងដោយឥតគិតប្រាក់កម្រៃ ប្រកបដោយសុខសុវត្ថិភាព ។
នៅក្នុងឱកាសនោះឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ថា នេះជាការយកចិត្តទុកដាក់យ៉ាងអស់ពីចិត្តពីថ្លើមចំពោះបងប្អូនកម្មករ និងប្រជាពលរដ្ឋយើងទៅធ្វើការងារ បានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ទោះបីថាពួកគាត់ បម្រើការងារនៅក្នុងរោងចក្រ ក៏ដីចជានៅតាមផ្ទះឬនៅក្រុមហ៊ុនឯកជនក្តី បងប្អូនកម្មករយើងរីករាយសប្បាយចិត្តនឹងបានមកលេងស្រុកកំ ណើតនាក្នុងឱកាសមានបុណ្យទានដោយមិនចំណាយថវិកាក្នុងការធ្វើដំណើរនោះឡើយ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ទៀតថា សូមឱ្យដំណើរវិវត្តន៍ទៅបំពេញការងារវិញ ឱ្យមានសុខសុវត្ថិភាព និងទទួលបានភាពរីកចម្រើនគ្រប់យ៉ាង ជាពិសេសបងប្អូនយើងត្រូវខិតខំបំពេញការងាររួមសាមគ្គីគ្នា ស្រឡាញ់ជាតិមាតុភូមិ និងនាំគ្នាបន្តថែរក្សាសុខសន្តិភាពដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀតដែលជាការផ្តល់ការងារសម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសាលារាជធានីភ្នមពេញបានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ខេត្តស្ទឹងត្រែង និងពីខេត្តស្ទឹងត្រែងទៅរាជធានីភ្នំពេញវិញមានចំនួន២០គ្រឿង ចាប់ពីថ្ងៃទី២៩កញ្ញា ដល់ថ្ងៃទី៤តុលា២០២៤ ៕