ចេញផ្សាយ ថ្ងៃទី ០៣/១០/២០២៤
ខេត្តរតនគិរី៖ រថយន្តម៉ាក Navara ពណ៌ប្រផេះ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W- 2375 ដែលគេមិនស្គាល់ម្ចាស់យកមកប្លុងចោលនៅចំណុចចំណោតភ្នំអូរកាទឹង ស្ថិតក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
លោក តូច វុធ ពលរដ្ឋរស់នៅជាប់ផ្លូវក្បែរកន្លែងកើតហេតុ បានឲ្យសារព័ត៌មានយើងដឹងនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ថា រថយន្តម៉ាកខាងលើនេះ មិនបានស្គាល់ម្ចាស់នោះទេ គេយកមកប្លុងចោលកាលពីយប់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោងប្រមាណជាង១០យប់ម៉្លេះ។
ពួកគាត់បានលើកឡើងថា រហូតមកដល់ថ្ងៃទី៣០ខែកញ្ញាមានចំនួន៩ថ្ងៃ ៩យប់មកហើយដោយពុំទាន់ឃើញម្ចាស់រថយន្តនោះមកអើតមើលបានម្តងណាសោះ មិនដឹងថា ម្ចាស់រថយន្តនេះជានរណា? រស់នៅឯណា? តាំងពីយប់ថ្ងៃទី២២កញ្ញា បន្ទាប់ពី គេយករថយន្តមកប្លុងចោលរួចមក មិនដឹងថា គេទៅដល់ជើងមេឃជើងមុងណាហើយទេ។
បន្ទាប់ពីមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋក៏បានរាយការណ៍ជាបន្តបន្ទាប់ទៅកងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ថិ៍សង្កាត់យក្ខឡោម ដោយឃើញសមត្ថកិច្ចនោះគ្រាន់តែនាំគ្នាទៅអើតមើលនិងបានរាយការណ៍បន្ត ដល់អធិការក្រុង និងរហូតដល់លោកអភិបាលក្រុងបានលុង ថែមទៀត។ ប៉ុន្តែហាក់ដូចជាគ្មានចំណាត់ការអ្វីជាដុំកំភួននោះឡើយ? ដោយគ្រាន់តែគេបញ្ចាក់មកវិញដោយខ្លីថា គ្មាន(មធ្យោបាយ)ប៉ុណ្ណោះ។
ទោះជាយ៉ាងណា?ពលរដ្ឋមានកង្វល់និងទទូចស្នើសុំឲ្យសមត្ថកិច្ចស្ទូច ឬអូសយករថយន្តខាងលើនេះ ទៅរក្សាទុកឲ្យឆ្ងាយពីចំណោតភ្នំនេះផង។ជៀសវាងបង្កគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះមហន្តរាយកើតឡើងជាយថាហេតុផ្សេងៗដល់ការធ្វើដំណើរយប់ព្រលប់របស់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវមួយខ្សែនេះ៕