ភ្នំពេញ៖ ចលនាស្អាតរបស់ប្រជាជនកម្ពុជា ដែលរួមគ្នាចេញមកប្រមូលសំរាមច្រើនជាង២ម៉ឺននាក់ក្នុងមួយថ្ងៃៗ គឺជាផ្នែកមួយនៃឱកាសវិនិយោគរបស់វិស័យឯកជនចិន លើការគ្រប់គ្រងសំណល់ និងកែច្នៃសំណល់ទាំងនោះទៅជាថាមពលស្អាត ឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សាដើម្បីជំរុញការវិនិយោគនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាងរដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgen Group និងប្រតិភូវិនិយោគិនមកពីខេត្ត Anhui ប្រទេសចិន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
លោកស្រី YU XIAOXIA ប្រធានក្រុមហ៊ុន JINIV technology environmental co.,ltd. បានលើកឡើងថា ចលនាប្រមូលសំរាមយ៉ាងសកម្មរបស់បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម និងប្រជាជនកម្ពុជា គឺជាឱកាសនៃការវិនិយោគរបស់លោកស្រីក្នុងការនាំមកនូវបច្ចេកវិទ្យាឆ្លាតវៃ ដែលអាចជួយគាំទ្រទៅដល់សកម្មភាពទាំងនេះ ហើយនិងកែច្នៃសំរាម សំណល់ទាំងនោះឱ្យទៅជាថាមពលស្អាត ដូចទស្សនវិស័យនៃក្រុមហ៊ុនរបស់ចិនទាំង ២ក្រុមហ៊ុនទៀតដែរ។ ដោយមានក្រុមហ៊ុន Anhui Tongyuan Environment energy saving co.,ltd និងក្រុមហ៊ុន Anhui Sunyu Water co.,ltd។
ជាមួយគ្នានេះ លោក YANG MING ប្រធានក្រុមហ៊ុន Anhui Tongyuan Environment energy saving co.,ltd បានជម្រាបជូនអំពីគុណភាពប្រកបដោយស្តង់ដានៃរោងចក្រកែច្នៃសំណល់គម្រូរបស់ក្រុមហ៊ុនលោក នៅប្រទេសចិន ដែលមានសមត្ថភាពអាចចំរាញ់សំណល់បានជាងរាប់ម៉ឺនក្នុង១ថ្ងៃ ដោយការបំប្លែងពីសំណល់ទៅជាថាមពលស្អាតជាដើម។
ស្របនឹងការលើកឡើងនេះ លោក Deng Bangwu ប្រធានក្រុមហ៊ុន Anhui Sunyu Water co.,ltd នឹងរៀបចំឱ្យមានប្រព័ន្ធប្រព្រឹត្តកម្មទឹកនៅតាមអាគារទំនើបខ្ពស់ៗ ដែលអាចបំប្លែងពីសំណល់រាវទៅជាទឹកស្អាតយកមកប្រើប្រាស់បាន ប្រកបដោយគុណភាព និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដើម្បីសន្សំសំចៃថាមពល និងជួយទ្រទ្រង់សុខភាពសាធារណជន ដោយសមស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះវិស័យឯកជនចិន ដែលបានយកចិត្តទុកដាក់ក្នុងការវិនិយោគលើវិស័យបរិស្ថាន ដើម្បីរួមចំណែកក្នុងភាពស្អាត ភាពបៃតង និងចីរភាពរបស់កម្ពុជាដោយស្របច្បាប់ ក្រោមកិច្ចសហប្រតិបត្តិការរាជរដ្ឋាភិបាលចិន និងកម្ពុជា ដែលមានភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ៕



