ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ បង្ក្រាបបទល្មើសធនធានធម្មជាតិ ៥ទីតាំង ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រយៈពេល៣ថ្ងៃកន្លងមកនេះ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៥ទីតាំង និងរឹបអូសបានសម្ភារៈមួយចំនួន។ ការវាយឆ្លក់បង្ក្រាបនេះ ដោយហេតុថា មួយរយៈចុងក្រោយក្រុមឈ្មួញនិងអ្នករកស៊ីបទល្មើសធនធានធម្មជាតិនៅតែបន្តគ្រប់មធ្យោបាយដើម្បីបំភាន់ភ្នែកសមត្ថកិច្ចអំពីទង្វើររបស់ពួកគេ។

លោក ឌិន ប៊ុនថាច ប្រធានការិយាល័យស្ដីទីដែនជម្រកសត្វព្រៃភ្នំព្រេច.លំផាត់ ប្រាប់ឲ្យដ២ងថានៅថ្ងៃទី២៩ខែ សីហាឆ្នាំ២០២៥នេះ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ថ្ងៃទី២៤ដល់២៦ខែសីហាឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច.លំផាត់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន២កន្លែងស្មើ៥ទីតាំង។

ក្នុងនោះរួមមាន កន្លែងទី១បង្រ្កាបបទល្មើសបូមដីរ៉ែមាសដោយខុសច្បាប់ តាមបណ្ដោយដៃអូរអន្រ្ទង ស្ថិតនៅក្រុមអន្រ្ទង ភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ដោយរកឃើញមានស្នាមបូមដីមានចំនួន០៤ទីតាំង និងបានដកហូតឧបករណ៍សម្ភារៈសង្វាក់ផលិតកម្មមាសមួយចំនួន ហើយបានរុះរើ និងបំផ្លាញទរត្រងមាសចោលផងដែរ។ ក្នុងប្រតិបត្តិការនេះ បានបង្រ្កាបបទល្មើសទីតាំងធ្វើសប្បកម្មកែឆ្នៃឈើគ្មានច្បាប់ ដែលមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

កន្លែងទី២ ស្ថិនៅចំណុចមាត់អូរតេ ស្ថិតនៅក្នុងភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា បានពិនិត្យឃើញទីតាំងកែច្នៃឈើពុំមានលិខិតអនុញ្ញាត និងមានឧបករណ៍សម្ភារៈសម្រាប់កែច្នៃឈី និងឈើមួយចំនួន ដោយពុំជួបជនសង្ស័យនៅកន្លែងកើតហេតុ ក្រុមការងារក៏សម្រេចដកហូតវត្ថុតាងរួមមាន តាបឈូសឈើចំនួន០២គ្រឿង តាបវៀលឈើ១ ម៉ូទ័រចនួន៥ គ្រឿង និង រណាយន្ដម៉ាកស្ទីលចំនួន០១គ្រឿង។ ដកហូតឈើអាប្រភេទលេខ១ និងឈើចំនួន ៤៥ សន្លឹក(មិនទាន់វាស់វែង) ផងដែរ។ យ៉ាងណាមិញ ប្រតិបត្ត្កិការបង្ក្រាបនេះរកឃើញភស្តុតាងបទល្មើស ប៉ុន្តែពុំទាន់ឈានដល់ការឃាត់ខ្លួនជនសង្ស័យនោះទេ។

កម្លាំងក្រុមការងារជំនាញបានដឹកជញ្ជូន វត្ថុតាងខាងលើយកទៅរក្សាទុកនៅស្នាក់ការរងបរិស្ថានភ្នំបាយឆៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ទន្ទឹមនឹងនេះ លោក ឌិន ប៊ុនថាច ក៏បានអំពាវនាវ និងក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រព្រឹត្តបទល្មើសផ្សេងៗ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរី ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទន្រ្ទានព្រៃឈើ ការដឹកជញ្ជូន និងការបូមរ៉ែខុសច្បាប់។

មន្រ្តីជំនាញបរិស្ថាន ក៏ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសដោយអនុវត្តទៅតាមក្រមបរិស្ថានមិនមានការលើកលែងនោះឡើយ។ លោកសង្កត់ធ្ងន់ថា« ការទប់ស្កាត់ទាំងអស់នេះ ដើម្បីរក្សាធានានូវសម្បត្តិធនធានធម្មជាតិ បើបាត់បង់ព្រៃ មានន័យថា បាត់បង់ទាំងសម្បត្តិធនធានធម្មជាតិ ជម្រកសត្វព្រៃគ្រប់ប្រភេទ ទេសចរក៏មានការថយចុះ»។ ក្នុងន័យនេះ លោកលើកទឹកចិត្តដល់ពលរដ្ឋរួមគ្នាការពារសម្បត្តិធម្មជាតិ ព្រៃឈើដើម្បីការពារបរិស្ថាន និងជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

Leave a Reply

Your email address will not be published.