សម្តេចធិបតី បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បញ្ជាក់អំពីការសម្រេចបិទច្រកទ្វារព្រំដែនចំនួន២ ក្នុងខេត្តឧត្តរមានជ័យ គឺច្រកជប់គគីរ និងច្រកទ្វារព្រំដែនជាំ ចាប់ពីថ្ងៃទី២២ ខែមិថុនានេះតទៅ បន្ទាប់ពីកងទ័ពយោធភូមិភាគ២ របស់ថៃ ប្រកាសបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាក ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះ ដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។
ខ្ញុំបានឯកភាពអោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឲ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយអោយជូនដំណឹងទៅភាគីថៃវិញផងដែរ។
ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។
កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។
វាជារឿងចម្លែកមួយដែរដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឲ្យមានការចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ។
ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុងនិងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់សុំចរចារទ្វេភាគីដើម្បីបើកច្រកអោយប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី។
ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។
ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែប្រកាន់ជំហរដដែលគឺ÷ មិនមានការចាំបាច់ក្នុងការចរចារទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ។
បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ គឺអាចធ្វើបានយ៉ាងងាយស្រួលនិងលឿនបំផុត។ កងទ័ពថៃដែលជាអ្នកចាប់ផ្ដើមបិទច្រកជាឯកតភាគី ត្រូវធ្វើការបើកច្រកឡើងវិញជាឯកតោភាគីឱ្យដូចស្ថានភាពមុនថ្ងៃទី៧ មិថុនាឆ្នាំ២០២៥ គឺជាការស្រេច។ កម្ពុជានឹងបើកឡើងវិញដែរយ៉ាងយូរប្រាំម៉ោងក្រោយ។ នេះគឺជាដំណោះស្រាយយ៉ាងសាមញ្ញបំផុត ដោយមិនចាំបាច់ចំណាយពេលចរចារនាំតែខាតពេលវេលា។ ត្រូវការតែជំហរនៃការចង់បាន ដោយពិតប្រាកដមួយរបស់ភាគីថៃតែប៉ុណ្ណោះ៕