ព័ត៌មានជាតិ

រណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តរតនគិរី និងរណសិរ្សមាតុភូមិវៀតណាមខេត្តកន្ទូមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការលើខ្លឹមសារសំខាន់ៗចំនួន៣ (២០២៤-២០២៩)

ខេត្តរនគិរី ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៤គណៈកម្មាធិការ
រណសិរ្សមាតុភូមិវៀតណាមខេត្តកន្ទូម នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការអនុវត្តខ្លឹមសារកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការការងាររណសិរ្ស ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុងបានលុង ខេត្តរតនគិរី

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅ ខេត្តកន្ទូម នៃ
សាធារណៈរដ្ឋសង្គមនិយមវៀតណាមក្រោម
អធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការ​រណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តរតនគិរី និងលោកជំទាវ អ៊ី ប៊ិចធម៌ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ​វៀតណាម ខេត្តកន្ទូម។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាវាយតម្លៃលទ្ធផលនៃការអនុវត្តខ្លឹមសារកំណត់ហេតុដំណាក់កាលឆ្នាំ (២០១៩-២០២៤)និងបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ ២០២៤-២០២៩ដែលមានខ្លឹមសារចំនួន៣ ដូចខាងក្រោម៖

១.ភាគីទាំងពីរបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនប្រជាជននៅតាមបណ្តាភូមិ ឃុំ នៃស្រុកជាប់ព្រំដែន របស់ខេត្តទាំងពីរនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ដើម្បីនាំមកនូវការអភិវឌ្ឍន៍រួមរបស់ប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះជំរុញការផ្លាស់ប្តូរសកម្មភាព និងចងសម្ព័ន្ធមេត្រីភាពរវាង ភូមិ ឃុំ និងស្រុកដែលមានព្រំដែនជាប់គ្នា រួមចំណែកក្នុងការសម្របសម្រួលជាមួយ រដ្ឋបាលមូលដ្ឋាន និងចូលរួមដោះស្រាយបានទាន់ពេលវេលានូវរាល់បញ្ហាដែលកើតមានឡើង។ ផ្សព្វផ្សាយចលនាប្រជាជនក្នុងការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់អ្នកជំនាញការ និងកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានពលីនៅក្នុងទឹកដីខេត្តរតនគិរី និងចូលរួមគាំទ្រ សហការក្នុងការជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា ដើម្បី​​ឲ្យបញ្ចប់បានឆាប់រហ័ស រួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

២.ជំរុញការចលនា​ទាក់ទាញ នូវរាល់បណ្តាស្ថាប័ន ធុរៈកិច្ច និងប្រជាពលរដ្ឋនៃប្រទេសនីមួយៗ អនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងខេត្តទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺ វិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ សុខាភិបាល បរិស្ថាន។ល។ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចទៅតាមលទ្ធភាពរបស់ភាគីនីមួយៗ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ និងច្បាប់របស់ប្រទេសនីមួយៗ។

៣.គណៈកម្មាធិការរណសិរ្សខេត្តទាំងពីរបានផ្លាស់ប្តូរព័ត៌មានជាប្រចាំ អំពីការងាររណសិរ្សដើម្បីសហការ រកដំណោះស្រាយរួម ក៏ដូចជាការដកបទពិសោធន៍ក្នុងការងាររណសិរ្សសម្រាប់ការអភិវឌ្ឍទៅវិញទៅមក និងបណ្តាបញ្ហាផ្សេងៗទៀត ដែលភាគីទាំងពីរត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានជោគជ័យនូវខ្លឹមសារកំណត់ហេតុ ស្តីពីកម្មវិធីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការ មជ្ឈិមរណសិរ្សកសាងជាតិឡាវ និងគណៈកម្មាធិការមជ្ឈិមវៀតណាម ដំណាក់កាលឆ្នាំ២០២៤-២០២៧៕

Leave a Reply

Your email address will not be published.