ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ទីរកសិកម្មខេត្តស្ទឹងត្រែងដាំកូនឈើជាង២ម៉ឺនដើមក្នុងឱកាសបុណ្យរុក្ខទិវា៩កក្កដា២០២៥នៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដាំកូនឈើចម្រុះជាង២ម៉ឺនដើម ក្នងឱកាសរុក្ខទិវា ៩កក្កដា២០២៥ នៅក្នុងបរិវេនវិទ្យាល័យព្រះគោ ស្រុកថាឡាបរិវ៉ាត់ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការពាក់ព័ន្ធជាច្រើននាក់ចូលរួមផងដែរ ។

លោក ទុំ និរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានលើកឡើងថា៖ មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តដែលមានខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងជាសេនាធិការបានបណ្តុះកូនឈើចម្រុះចំនួន២៨៦០០ដើម ក្នុងនោះរួមមាន៖ក្រញូងចំនួន១៣០០០ដើម, ក្ងោក២០០០ ដើម, បេង៥០០០ដើម, ធ្នង់៦៥០០ដើម, គគីរ១០០ដើម, កកោះ៤០០ដើម, ព្រីង៦០០ដើម និងស្មៅ១០០០ដើម ។

លោកប្រធានមន្ទីរបន្តថា៖ជាការពិតណាស់ពិធីបុណ្យរុក្ខទិវាតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅខេត្តស្ទឹងត្រែង ដើម្បីធ្វើការស្តារ និងដាំដុះព្រៃឈើឡើងវិញ ។ ជាក់ស្តែងចាប់ពីឆ្នាំ២០០៤រហូតដល់ឆ្នាំ២០២៤ ខេត្តស្ទឹងត្រែង បានប្រារព្ធបុណ្យរុក្ខទិវា និងធ្វើការបណ្តុះកូនឈើចែកជូនបងប្អូនប្រជាពលរដ្ឋនិងស្ថាប័នផ្សេងៗយកទៅដាំដុះជារៀងរាល់ឆ្នាំ ។

ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដែលមានខណ្ឌរដ្ឋបាលព្រៃឈើជាសេនាធិការ បានបណ្តុះកូនឈើចម្រុះដើម្បីធ្វើការចែកជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗទៀតយកទៅដាំតាមទីសាធារណៈ វត្តអារាម សាលារៀន សួនច្បារ ផ្លូវសាធារណៈ ក្នុងនោះក៏បានបំផុសចលនាដល់គូរស្រករថ្មោងថ្មីឲ្យចូលរួមដាំកូនឈើក្នុងម្នាក់១ដើម ពេលប្រារព្ធអាពាហ៍ពិពាហ៍ដើម្បីទុកជាអនុស្សាវរីយ៍ដល់គូរស្វាមីភរិយាថ្មី ។ ក្រៅពីនេះ ខេត្តស្ទឹងត្រែងក៏មានការចូលរួមពីវិស័យឯកជនក្នុងការដាំដុះនូវប្រភេទឈើដែលមានតម្លៃសេដ្ឋកិច្ចដូចជា ម៉ៃសាក់ ធ្នុង អាកាស្យា កៅស៊ូ ជាដើម ។ល។ ហើយបច្ចុប្បន្ននេះនៅទូទាំងខេត្តមានសហគមន៍ព្រៃឈើសរុបចំនួន២១សហគមន៍ ដែលមានផ្ទៃដីព្រៃសរុបចំនួន៣៧៤១៨ហិកតា មានប្រជាពលរដ្ឋចូលរួមចំនួន១៦៨៦២នាក់ នៅលើភូមិសាស្ត្រ៤៤ភូមិ ១៦ឃុំ និង៣ស្រុក ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា៖ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកដល់ការដឹកនាំប្រកបដោយភាពភ្លឺស្វាងច្បាស់លាស់របស់សម្តេចបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ពិធីដាំកូនឈើនេះជាពិធីជាតិ ហើយតែងជ្រើសរើសយកខែកក្កដា ជាការប្រារព្ធពិធីរុក្ខទិវា ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តឲ្យមន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមដាំដើមឈើទាំងអស់គ្នាដើម្បីលើកស្ទួយសោភណ្ឌភាពឲ្យមានភាពបៃតងស្រស់ ។ ហើយរុក្ខទិវានេះ មិនត្រឹមតែលើកស្ទួយវិស័យព្រៃឈើ និងការដាំដុះដើមឈើឡើងវិញប៉ុណ្ណោះទេ ក៏ជាការរួមចំណែកផ្តល់ឲ្យនូវផាសុខភាពដល់ប្រជាពលរដ្ឋផងដែរ ៕

Leave a Reply

Your email address will not be published.