ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អភិបាលខេត្តបន្ទាយមានជ័យ ‎បញ្ជាដល់កងកម្លាំងតាមព្រំដែន ទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន បើមានត្រូវតែធ្វើការបង្ក្រាបឱ្យបាន

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មើសផ្សេងៗ មិនអនុញ្ញាតឱ្យមានការយកទំនិញពីថៃចូលកម្ពុជាឡើយ បើមានត្រូវតែពួតដៃក្នុងការធ្វើការបង្ក្រាបឱ្យបាន បើទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។

ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះធ្វើឡើងនៅក្នុងដែលឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ជាមួយការងារក្រុមការងារ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំ នេះក៏មាន ការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញទៅដល់កងកម្លាំងគ្រប់កងអង្គភាពដែលឈរជើងតាមបន្ទាត់ព្រំដែន អាជ្ញាធរ មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យទៅតាមបន្ទាត់ព្រំដែន មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែន ក៏ដូចជាសកម្មភាពផ្សេងៗ ដែលជាបទល្មើសតាមព្រំដែន បើសិនជាមានការរកឃើញថាមានបទល្មើសនៅតាមព្រំដែនត្រូវធ្វើការបង្ក្រាបឱ្យបានដោយគ្មានលើកលែងឡើយ។

ក្នុងនោះដែរឯកឧត្ដមអភិបាលខេត្តក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់វិលត្រឡប់មកកម្ពុជាវិញ សូមធ្វើដំណើរតាមច្រកផ្លូវការ ដើម្បីងាយស្រួលក្រុមការងាររង់ចាំទទួល។ ហើយឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីទៀតថា រដ្ឋបាលខេត្តបានត្រៀមនូវរថយន្តជាច្រើនគ្រឿង ព្រមទាំងទីតាំងសំចតសម្រាប់ទទួលបងប្អូនពលករនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានក្រុមការងារចម្រុះ មានក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ប.ស.ស ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរក្រុង បានចាំទទួលដោយមានការផ្តល់នូវអាហារសម្រន់ ក៏ដូចជាជូនដល់បងប្អូនទៅតាមបណ្ដាខេត្តដោយពុំមានគិតថវិកាឡើយ៕

 

Leave a Reply

Your email address will not be published.