ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដោយមានការចូលរួមអមដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ (លើកកម្ពស់មិត្តភាព, ស្មោះត្រង់រួមគ្នា, អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ ប្រកបដោយបរិយាប័ន្ន ក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើនក្នុងតំបន់)៕