ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកឱសថមួយចំនួន ផ្តល់ជូនកងកម្លាំងវិស្វកម្មស្ថាបនាថ្នល់លេខ៧១៦ ដែលកំពុងកសាងផ្លូវក្រវ៉ាត់ព្រំដែន ស្រុកអូររាំង

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោកស្រី វិន ស៉ីធួន អភិបាលរងខេត្តមណ្ឌលគិរី អមដំណើរដោយលោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្រ្តីក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកឱសថ និងថ្នាំលាបស្បែកការពារមូស និងសត្វល្អិតចំនួន ២៩មុខ ចែកជូនដល់កងកម្លាំងវិស្វកម្ម ៧១៦ ដែលកំពុងបំពេញភារកិច្ចកសាងផ្លូវ ខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោកស្រី វិន ស៉ីធួន អភិបាលរងខេត្ត បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាល លោក តែងតែគិតគូរចំពោះកងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចតាមព្រំដែន ជាពិសេស កងកម្លាំងវិស្វកម្ម ដែលកំពុងកសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ លោកស្រី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងវិស្វកម្ម ដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ រួមចំណែកស្ថាបនាផ្លូវក្រវាត់ព្រំដែន ដែលជាផ្លូវយុទ្ធសាស្ត្រដ៏មានសារសំខាន់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកស្រី បានផ្តាំផ្ញើដល់កងកម្លាំងវិស្វកម្មទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ និងចូលរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

លោក ឧត្តម​សេនីយ៍​ នង​ សុភក្រ្តា​ មេបញ្ជាការកងស្ថាបនា​ថ្នល់លេខ​ ៧១៦​ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងលោក ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចុះមកសួរសុខទុក្ខ និងផ្តល់ឱសថមួយចំនួន ដល់កងកម្លាំងវិស្វកម្ម ដែលកំពុងបំពេញភារកិច្ចកសាងផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរីនាពេលនេះ។ លោក ឧតម្តសេនីយ៍ត្រី​ បានគោរពជូនពរថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ សូមមានសុខភាពល្អ និងបន្តអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី មានការរីកចម្រើនបន្ថែមទៀត។

នាឱកាសនោះ លោកស្រី វិន ស៉ីធួន អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងសហការី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវ ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរី៕

Leave a Reply

Your email address will not be published.