ព័ត៌មានជាតិ

ឯកឧត្តម ញ៉ែម សំអឿន៖ រាជរដ្ឋាភិបាលចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយទទួលស្គាល់អំពីតួនាទី សំខាន់របស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ខេត្តរតនគិរី ៖ នៅក្នុងជំនួបសំេណះសំណាលជាមួយ បងប្អូនជាស្រ្តីក្នុងរចនាសម្ព័ន្ធ សាលាខេត្ត ក្រុង ស្រុកទាំង៩ ប្រមាណជិត៥០នាក់ដើម្បី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបលើក ទី១១៤ ក្រោមប្រធានបទ “សិទ្ធិសមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្ត រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយទទួលស្គាល់អំពីតួនាទី សំខាន់របស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តម អភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈ ក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈការដាក់ចេញ និងអនុវត្តនូវ គោលនយោបាយ ផែនការសកម្មភាព កម្មវិធីជាតិ នៅតាមវិស័យ និងគ្រប់កម្រិត។ ហើយនាពេលថ្មីៗ នេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែង ២០២៤ ដែលមានយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ និងសកម្មភាពអាទិភាពចំនួន ២១ សូចនាករគន្លឹះ ចំនួន ៣២ តាមយុទ្ធសាស្ត្រនីមួយៗ ចំពោះផែនការយុទ្ធសាស្ត្រនេះមានចក្ខុវិស័យលើកកម្ពស់ការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ឆ្លើយតបបញ្ហា និងតម្រូវការរបស់ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសបញ្ហា និងតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះនានា ប្រកប ដោយសមភាព សមធម៌ និងបរិយាបន្ន។

ជាមួយនឹងការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ក្រោមប្រធាន បទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប ឯកឧត្តម ញ៉ែមសំអឿន បាន ផ្តាំផ្ញើដល់លោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំដែលមានតួនាទីក្នុងការចូលរួមសម្រេចកិច្ចការសាធារណៈ មានដូជា ៖
១.ត្រូវខិតខំបន្តលើកកម្ពស់អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងនិន្នាការប្រកួតប្រជែង ក្នុងយុគសម័យសន្តិភាព។
២.ត្រូវយកឱកាសដែលខ្លួនមាន ដើម្បីបន្តជួយគាំទ្រ និងជំរុញដល់ស្ត្រីផ្សេងទៀត ជាពិសេស ប្រជាពលរដ្ឋទន់ខ្សោយឱ្យទទួលបានឱកាសពីការរឹងចម្រើននៃសង្គមជាតិ។
៣.បន្តផ្សព្វផ្សាយគោលនយោបាយ ច្បាប់ សីលធម៌ និងវប្បធម៌ល្អៗ ដើម្បីជាគំរូដល់យុវជន ជំនាន់ក្រោយ។ នៅក្នុងឱកាសនេះ ឯកឧត្តមញ៉ែម សំអឿន បានជូនថវិកាដល់ បងប្អូនជាស្រ្តីក្នុងរចនាសម្ព័ន្ធ សាលាខេត្ត ក្រុង ស្រុកទាំង៩ ដែលបានចូលរួម ក្នុងម្នាក់ៗ ២០មុឺនរៀល។

សូមរំលឹកថា ទិវាអន្តរជាតិ ៨មីនា គឺជាព្រឹត្តិការណ៍សកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាទិវាស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក ចាប់តាំងពី ឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំប្រារព្ធយុទ្ធនាការនេះឡើង ដើម្បី រំលឹកពីភាពតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និង បង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេង ស្រីគ្រប់រូប៕

Leave a Reply

Your email address will not be published.