ព័ត៌មានជាតិ

ឯកឧត្តម ងិន ណែល៖ ការមិនគោរពឬមិនអនុវត្តតាមលិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ អាចជាកម្មវត្ថុ នៃការអនុវត្តវិធានការរឹតត្បិតផ្សេងៗ រួមទាំងការបន្តឹងចំណាយ នៅក្នុងការរៀបចំនិងការអនុវត្តថវិកាប្រចាំឆ្នាំ

ខេត្តរតនគិរី ៖ ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការជម្រុញការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៤ (ឆ្នាំគោល)របស់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តព្រឹកថ្ងៃទី៧ ខែកុម្ភៈ  ឆ្នាំ២០២៥ ឯកឧត្តម ងិន ណែល  អភិបាលរងខេត្តរតនគិរីលើឡើងថា មាត្រា៣២ នៃអនុក្រឹត្យលេខ ៦៦អនក្រ.បកបានចែងថា ការមិនគោរពឬមិនអនុវត្តតាមលិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ អាចជាកម្មវត្ថុនៃការអនុវត្តវិធានការរឹតត្បិតផ្សេងៗ រួមទាំងការបន្តឹងចំណាយ នៅក្នុងការរៀបចំនិងការអនុវត្តថវិកាប្រចាំឆ្នាំ។  និងយោងសារាចរលេខ ០១៧សហវ.សរអថ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រង់ចំណុចទី៧ ចែងថា ត្រូវបន្តចាត់វិធានការរឹតបន្តឹងខាងចំណាយ ដោយស្នើបន្ថយចំណាយចរន្តនៃកញ្ចប់ ថវិកាប្រចាំឆ្នាំដែលបានអនុម័តរួចក្នុងជំពូក៦០ និង៦១ ចំនួន ៣% ចំពោះអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដែលពុំបានរៀបចំ និងផ្តល់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋទាន់ពេលវេលា។

ឯកឧត្តមបន្តថា ជាលទ្ធផលកន្លងសង្កេតឃើញថា មន្ទីរអង្គភាពជុំវិញខេត្ត មួយចំនួនមានការយឺតយ៉ាវក្នុងការធ្វើកិច្ចការនេះ និងជាពិសេសរដ្ឋបាល ក្រុងស្រុក ឃុំសង្កាត់ ភាគច្រើនហាក់មិនសូវយកចិត្តទុកដាក់នោះឡើយ ដែលទង្វើនេះផ្ទុយទាំងស្រុងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋឲ្យមានប្រសិទ្ធិភាព ទោះបីជាមានការជម្រុញជាច្រើនលើកច្រើនសារក៏ដោយ។ មួយវិញទៀត ការគ្រប់គ្រងអចលនទ្រព្យ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ នៅមិនទាន់បានគ្រប់ជ្រុងជ្រោយ ដោយមានដីខ្លះនៅមិនទាន់បានចុះក្នុងបញ្ជីសារពើភណ្ឌ និងដីខ្លះទៀតដែលបានចុះក្នុងបញ្ជីសារពើភណ្ឌរួច តែមិនទាន់បានស្នើសុំធ្វើបណ្ណកម្មសិទ្ធិនៅឡើយ។

ឯកឧត្តមអភិបាលរងខេត្ត បានស្នើឲ្យគ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មេត្តាសហការក្នុងការដាក់ពាក្យស្នើសុំចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋទាំងអស់ដែលខ្លួនកាន់កាប់ ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងធ្វើការដាក់ពាក្យស្នើសុំជម្រះបញ្ជី ឬកែតម្រូវ ចំពោះអចលនទ្រព្យណាដែលមិនទាន់ត្រឹមត្រូវ ដើម្បីឈានទៅការសម្រេចបានលទ្ធផលជាផ្លែផ្កា
១០០% ទាំងការងារបញ្ជីសារពើភណ្ឌ និងការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិក្នុងឆ្នាំ២០២៥នេះ។ បន្ថែមពីនេះគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ទាំងអស់ ត្រូវធ្វើរបាយការណ៍បច្ចុប្បន្នភាពស្តីពីការចុះបញ្ជីដីរបស់ខ្លួនទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាមទម្រង់គំរូរបស់មន្ទីរ ដើម្បីឲ្យមន្ទីរមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ៕

Leave a Reply

Your email address will not be published.