ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថា មិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខ ជាប្រភេទភេរវករ មានឱកាសបំផ្លាញជាតិឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសថា សម្ដេច មិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខ ជាប្រភេទភេរវករ មានឱកាសបំផ្លាញជាតិ បំផ្លាញជីវិតសម្ដេច និងក្រុមគ្រួសារសម្ដេច ក៏ដូចជា ប្រជាជនកម្ពុជា តទៅទៀតនោះទេ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃ២៤ កញ្ញា ២០២៤នេះ ជាខួបលើកទី ២៦ឆ្នាំ នៃការរួចរស់ជីវិត នៃការប៉ុនប៉ងធ្វើឃាតមកលើរូបខ្ញុំ នៅទីក្រុងសៀមរាប (២៤ កញ្ញា ១៩៩៨- ២៤ កញ្ញា ២០២៤) ពិនិត្យមើលត្រឡប់ទៅក្រោយវិញ កាលពី ២៤ឆ្នាំមុន ខ្ញុំមិនគួរមានជិវិតរស់នៅដល់សព្វថ្ងៃនេះទេ ព្រោះគ្រាប់រ៉ុកែ្កត បេ៤០ មួយគ្រាប់ ក្នុងចំណោម ៤គ្រាប់ បានហោះសំដៅរថយន្តខ្ញុំ តែវាខុស ត្រឹមតែមួយចំអាមពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ»។
សម្ដេចតេជោ បន្ដថា «សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណ ព្រះពិរុណ ដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង ៣ទៀបភ្លឺ រហូតម៉ោង ៨ព្រឹក ដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង ៤គ្រាប់បាននៅពេលដែលគេបញ្ជាបាញ់ខ្ញុំ នៅម៉ោង ៨៖៥៥នាទី តាមខ្សែភ្លើងពីចម្ងាយ។ ពួកគេចោទខ្ញុំ ថា ជាអ្នកដឹកនាំផ្តាច់ការ ក្នុងពេលដែលពួកជាឃាតកលាក់មុខ ជ្រកក្រោមផ្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខ ដែលជាប្រភេទភេរវករ មានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំ និងក្រុមគ្រួសារខ្ញុំ ក៏ដូចជា ប្រជាជនកម្ពុជាតទៅទៀតទេ។ ខ្ញុំអាចនៅសល់ពេល ១០ឆ្នាំ ២ ឬ ៣ដងទៀត ដើម្បីរារាំង និងដាក់ទោសពួកភេរវករទាំងនេះ។ អាយុមិនអស់ មិនស្លាប់ ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ»៕

Leave a Reply

Your email address will not be published.