ព័ត៌មានសន្តិសុខសង្គម

ស្ពានឈើ១ខ្សែ ដែលគោយន្តដឹកដំឡូងឆ្លងកាត់ក្រឡាប់បាក់នោះ ពេលនេះត្រូវបានអាជ្ញាធរស្រុកអណ្តូងមាស សាងសង់ថ្មីរួចរាល់ជាស្ថាពរ !

ខេត្តរតនគិរី ៖ ក្រោយពីគោយន្តដឹកដំឡូងមីក្រឡាប់ផ្ងារជើង លើស្ពានឈើមួយខ្សែ ដែលបណ្ដាលមកពីការបាក់ស្ពានកាលពីព្រឹកថ្ងៃទី 2 កន្លងទៅនោះ ។ មកដល់បច្ចុប្បន្ន កម្លាំងអាជ្ញាធរស្រុកអណ្តូងមាស សហការ ជាមួយក្រុមហ៊ុន បានសាងសង់ស្ពានឈើថ្មី រួចរាល់ជាស្ថាពរហើយ ។

ជាក់ស្តែងកាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២ និង ៣០នាទីរសៀល លោក ឡុក សេង តំណាងអោយអភិបាលស្រុកអណ្តូងមាស និង លោកមេឃុំ មេភូមិ ព្រមទាំងកម្លាំងប៉ុស្តិ៍ តាឡាវ បានចុះទៅត្រួតពិនិត្យមើលស្ថានភាពស្ពានឈើមួយខ្សែ ដែលទើបសាងសង់រួចប្រវែង១២ម៉ែត្រ មានទីតាំងស្ថិតនៅភូមិ អុីន ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រង់ចំណុច អូរកាតឹម ។

លោក ឡុក សេង តំណាងអភិបាលស្រុកបានឲ្យដឹងថា :  សម្រាប់ស្ពានឈើទ្រុឌទ្រោមផ្សេងទៀត យើងអាចដោះស្រាយជួសជុលតាមជាក់ស្តែង កន្លែងណាដែលពិបាកយើងនឹងផ្ដល់អាទិភាពទៅកន្លែងហ្នឹងមុន ប៉ុន្តែបើឲ្យធ្វើទាំងអស់តែម្ដង គឺវាមិនអាចទេ ។

បងប្អូនប្រជាពលរដ្ឋបានសម្ដែងការសប្បាយចិត្តជាខ្លាំងនិង អរគុណដល់ក្រុមហ៊ុន និង អាជ្ញាធរស្រុក ដែលបានយកចិត្តទុកដាក់សាងសង់ស្ពាននេះបានឆាប់រហ័ស សារជាថ្មីឡើងវិញ ។ ឆ្លៀតក្នុងឱកាសនេះផងដែរ បងប្អូនប្រជាពលរដ្ឋរស់នៅឃុំតាឡាវ ក៏នៅតែសំណូមពរ ដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរជំនាញពាក់ព័ន្ធ មេត្តាបន្តជួយចុះត្រួតពិនិត្យ ទៅលើស្ពានចាស់ទ្រុឌទ្រោមជាច្រើនខ្សែទៀត ដែលមិនទាន់នឹងជួសជុល ដើម្បីឲ្យពួកគាត់បានដឹកកសិផល យកចេញទៅលក់លើទីផ្សារបានស្រួល និង បានទាន់ពេលវេលា ។

Leave a Reply

Your email address will not be published.