ព័ត៌មានជាតិ

ប្រកាសតែងតាំង​ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំថ្មីខណៈអតីតប្រធានមន្ទីរ​ចាស់​ ទទួលមរណៈភាព

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីរថ្មី នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងជាច្រើនរូប ឯកឧត្ដមប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន អភិបាលស្រុក និងអភិបាលរងស្រុក មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអ្នកសារព័ត៌មានជាច្រើនរូបបានចូលរួមជាច្រើននាក់។

បានដំណើរការប្រកាសតែងតាំងលោក ធីន ស៊ីថាច  ជាប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំជំនួសលោកប្រធានមន្ទីរចាស់ គឺ លោក ស ស៊ីណាដែលលោកបានទទួលមរណៈភាព ជាងនេះទៅទៀត វាក៏ជាការលើកកម្ពស់វប្បធម៌ផ្លាស់ប្ដូរបទពិសោធន៍ ផ្ដល់ឱកាសសិក្សារៀនសូត្រ ក្រេបយកបទពិសោធន៍ថ្មីបន្ថែមដើម្បីពង្រីកសមត្ថភាពរបស់ខ្លួននិងមន្ទីរព័ត៌មានឱ្យបានទូលំទូលាយ។ល។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស ស៊ីណា ប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ លើវិស័យព័ត៌មានក្នុងខេត្តនេះ ដែលមានការរីកចម្រើន ព្រមទាំងបានរឹតចំណងសាមគ្គីភាព ដ៏ជិតស្និទ្ធរវាងមន្ត្រី និងថ្នាក់ដឹកនាំទំនាក់ទំនងល្អ ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសកិច្ចសហការយ៉ាងស្អិតរមួត ជាមួយរដ្ឋបាលខេត្ត សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យព័ត៌មាន។

ជាមួយគ្នានោះដែរ ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ  ដល់លោក ធីន ស៊ីថាច និងមន្ត្រីមន្ទីរព័ត៌មានខេត្ត ឱ្យខិតខំបំពេញភារកិច្ចការងារ ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត និងពេលវេលា ដើម្បី បន្តដឹកនាំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ឱ្យមាន ការរីកចម្រើន នូវវិស័យព័ត៌មាន ព្រមទាំងបន្ត និងរក្សានូវវប្បធម៌សហការ ចែករំលែក រួមសុខរួមទុក្ខ ជាមួយមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវចងចាំ និងអនុវត្តឱ្យបានដាច់ខាតនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោក ធីន ស៊ីថាច បានប្ដេជ្ញាបន្ត ឲ្យវិស័យព័ត៌មានឲ្យបានរីកចម្រើនក្នុងខេត្តត្បូងឃ្មុំ ថែមទៀត ដោយប្រើឱ្យអស់ពីកម្លាំងកាយចិត្ត និងពេលវេលា គ្រប់មធ្យោបាយ និងនីតិវិធី បន្តកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត យ៉ាងស្អិតរមួត ជាសេនាធិការ ដ៏ល្អជូនរដ្ឋបាលខេត្ត ក្នុងគោលបំណងតែមួយគត់ គឺមានការអភិវឌ្ឍលើគ្រប់វិស័យ និងឆ្លើយតបនៅជំនឿទុកចិត្តរបស់ពលរដ្ឋ ត្រងត្រាប់ និងអនុវត្តនូវរាល់ភារកិច្ចដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងបានដាក់ជូន៕

Leave a Reply

Your email address will not be published.