ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានរាយការណ៍មកអ្នកសារព័ត៌មានយើងថា មានឈ្មួញដឹកជញ្ជូនឈើប្រណិតយកមកស្តុកទុកនៅត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យបង្អែកខេត្ត។បន្ទាប់មកសារព័ត៌មានយើងក៏បានចុះមកដល់ ហើយក៏បានឃើញឈើមានចំនួន២គំនរ សរុប៤០ដុំ បន្ទាប់មកក៏បានរាយការណ៍បន្តទៅកាន់លោក លឹម ឡេងលីហួរ នាយការិយាល័យនគរបាលសេដ្ឋកិច្ចនៃស្នងការនគរបាលដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងចុះផ្ទាល់លោក កា យ៉ាន នាយរងការិយាល័យនគរបាលសេដ្ឋកិច្ចខេត្ត បានចុះទៅដល់ទីតាំងស្តុកឈើខាងលើនេះ។
ប្រតិបត្តិការចុះបង្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចខាងក្រោយពេទ្យបង្អែកខេត្តរតនគិរី ក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង និងបានរឹបអូសយកឈើជាក់ស្តែងចំនួន១៩ដុំ យកមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តទាំងយប់ ដោយសារថា ឈ្មួញជាម្ចាស់ឈើបានរំដោះយកចេញទៅបាត់ចំនួន២១ដុំ មុនសមត្ថកិច្ចចុះទៅដល់ម៉្លេះ។
គួររំលឹកផងដែរថា ឈ្មួញចាស់វស្សាដែលគេស្គាល់ឈ្មោះ គុណ ជាអ្នកជំនួញរកសុីបទល្មើសអនុផលព្រៃឈើ យ៉ាងសកម្មបំផុត ប្រចាំស្រុកអូរជុំ កន្លងមកសមត្ថកិច្ចចម្រុះក៏បានចុះបង្ក្រាបម្តងដែរ ស្ថិតនៅចំណុចខាងក្រោយមន្ទីរបរិស្ថាន ធ្វើការរឹបអូសយកឈើបានមួយចំនួន ស្រដៀងករណីខាងលើនេះដែរ។ ទម្រាំសមត្ថកិច្ចចុះទៅដល់ ម្ចាស់ឈើដដែលរូបនេះ តែងឆ្មក់ចូលទៅរំដោះយកឈើគេហើយគេចខ្លួនចេញបានសម្រេច តែរហូត ហៅថា(ជាន់ដានដដែលៗ)។ ចំណែកសមត្ថកិច្ចក៏ពុំបានធ្វើការឃាត់ខ្លួនឈ្មួញឈើរូបនេះ យកមកផ្តន្ទាទោសនោះ ឡើយ។
សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងនគរបាលសេដ្ឋកិច្ចខេត្ត បានចុះធ្វើការវាស់វែងឃើញមានឈើចំនួន១៩ដុំ ជាប្រភេទឈើផ្ចឹក(លេខ១)ស្មើនិង០,៤១២ម៉ែត្រគិប បន្តនីតិវិធីតាមច្បាប់៕